(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃសៅរ៍នេះ បាននិយាយថា ជាមួយនឹងការលេចចេញឡើងនូវចង្កោមថ្មីៗ នៃករណីឆ្លង COVID-19 នៅក្នុងសហគមន៍ រដ្ឋាភិបាលកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឲ្យមាន ការរីករាលដាលកាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។
លោក Lee បានកត់សំគាល់នៅក្នុងសុន្ទរកថា កំលុងកិច្ចប្រជុំមួយថា «ចង្កោមថ្មីៗនៃការឆ្លងរីករាលដាលជំងឺ COVID-19 ដោយខ្លះជាចង្កោមទ្រង់ទ្រាយធំ និងគួរឱ្យព្រួយបារម្ភបំផុត កំពុងលេចចេញឡើង បន្ទាប់ពីរយៈពេលដ៏យូរនៃការមានករណីឆ្លងតិចតួចបំផុតប៉ុណ្ណោះ នៅក្នុងសហគមន៍»។
ជុំវិញបញ្ហានេះ លោក Lee បានទទូចដល់ប្រជាជនសិង្ហបុរីទាំងអស់ថា «សូមចូលរួមសហការជាមួយរដ្ឋាភិបាល និងកុំធ្វេសប្រហែស។ វាមិនមែនជាពេលវេលាដែលយើងត្រូវសម្រាកទេ។ នេះគឺជាការរត់ម៉ារ៉ាតុង។ ចូរបន្តការរត់ទៅមុខទៀត ដើម្បីរក្សាសុវត្ថិភាពពួកយើង»។ លោក Lee បានបន្ថែមថា «សូមកុំធ្វើឱ្យមានកំហុសដូចដែលប្រទេសដទៃទៀតបានធ្វើដូចជា ការអបអរសាទរឆាប់រហ័សពេក ការបន្ធូរបន្ថយលឿនពេក ការមើលស្រាលស្ថានការណ៍ ដែលអាចបើកផ្លូវឱ្យមានរលកឆ្លងរាលដាលថ្មីៗ»។
ជាចុងក្រោយលោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងតែត្រូវមានភាពរហ័សរហួន និងម៉ឺងម៉ាត់ ក្នុងការឆ្លើយតប ហើយរឹតបន្តឹងភ្លាមៗនូវវិធានការរឹតត្បឹតនានាឱ្យទាន់ពេលវេលា» នៅពេលដែលចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល និងចៀសវាងឈានទៅដល់ការបិទប្រទេសជាថ្មីម្តងទៀត៕