(ញូដេលី)៖ ប្រទេសឥណ្ឌាបានជួបប្រទះកំណត់ត្រា ដ៏អាក្រក់បំផុតមួយថ្មីទៀតហើយ នោះគឺការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៤០១,០០៣នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺ ៣,៥២៣នាក់ផងដែរបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យដែលត្រូវបានប្រកាស ដោយក្រសួងសុខភិបាលឥណ្ឌាខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១៩.១លានករណី ក្នុងនោះមានអ្នកស្លាប់ ២១១,៨៥៣នាក់ និងជាសះស្បើយឡើងវិញ ១៥.៦៧លាននាក់។ អ្នកជំនាញជាច្រើននៅឥណ្ឌា បានព្រមានម្តងហើយម្តងទៀតថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនលើសពីករណីឆ្លង ដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើង ដោយគ្រប់ជ្រុងជ្រោយនោះ។
គួរបញ្ជាក់ថា កាលពីអំឡុងដើមឆ្នាំ២០២១ ឥណ្ឌាបានមើលឃើញករណីឆ្លង COVID-19 ធ្លាក់ចុះមកនៅក្រោម ១០,០០០ករណីទៅហើយ ទើបកាលណោះវិធានការរឹតបន្តឹងជាច្រើន ត្រូវបានដកចេញវិញ។ បើតាមអង្គការសុខភាពពិភពលោក (WHO) គ្រាន់តែខែមេសាមួយប៉ុណ្ណោះ ឥណ្ឌាបានកត់ត្រាករណីឆ្លង COVID-19 រហូតដល់ជាង ៧លាននាក់បន្ថែមទៀត។
ការរាតត្បាតរលកថ្មី COVID-19 យ៉ាងគំហុកនៅអំឡុងខែមេសា ដែលទើបនឹងកន្លងផុតទៅនេះ ត្រូវបានគេជឿជាក់ថា ត្រូវបានបង្កឡើងដោយកត្តាធំៗដូចជា វីរុសបំប្លែងថ្មីនៅឥណ្ឌា, ការប្រមូលផ្តុំមនុស្ស ក្នុងយុទ្ធនាការឃោសនានយោបាយ និងជាពិសេសនោះគឺការប្រមូលផ្តុំ នៃក្រុមអ្នកប្រតិបត្តិសាសនាហិណ្ឌូ ទូទាំងប្រទេសនៅក្នុងពិធីបុណ្យ គុម មេឡា (Kumbh Mela) ដែលបានអូសបន្លាយពេញមួយខែមេសាតែម្តង៕