(ញូដេលី)៖ មន្ទីរពេទ្យមួយកន្លែងស្ថិតនៅរដ្ឋភាគខាងលិចប្រទេសឥណ្ឌា បានឆាបឆេះនៅពេលទាបភ្លឺថ្ងៃសៅរ៍នេះ និងផ្តាច់យកអាយុជីវិតអ្នកជំងឺ COVID-19 សរុប ១៥នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។
មន្ទីរពេទ្យខាងលើនេះមានឈ្មោះថា វែលហ្វែរ (Welfare) ស្ថិតនៅក្នុងក្រុង បារ៉ាច (Bharuch) នៃរដ្ឋ ហ្គូចារ៉ាត (Gujarat)។ ក្រៅពីអ្នកជំងឺ ១៥នាក់ដែលបានស្លាប់ អ្នកជំងឺចំនួន ៥០នាក់ផ្សេងទៀត ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ ជួយសង្គ្រោះចេញពីអណ្តាតភ្លើងទាន់ពេលវេលា។
គួរបញ្ជាក់ថា បើតាមសាក្សីដែលបានដឹងលឺហេតុការណ៍ខាងលើនេះ ពីដំបូងឡើយអគ្គីភ័យបានឆាបឆេះ នៅជាន់ផ្ទាល់ដីនៃអគារមន្ទីរពេទ្យ ហើយបន្ទាប់មកវាក៏បានរីករាលដាលយ៉ាងរហ័ស ទៅកាន់ទីតាំងផ្សេងៗទៀត។ អាជ្ញាធរពុំទាន់អាចបញ្ជាក់ អំពីមូលហេតុពិតប្រាកដ ដែលបានបង្កទៅជាគ្រោះអគ្គីភ័យនេះនៅឡើយទេ៕