(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ២១នាក់បន្ថែមទៀត ខណៈប្រទេសអាស៊ានមួយនេះ កំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីទទួលបានជោគជ័យរយៈពេល១ឆ្នាំ ក្នុងការគ្រប់គ្រងវា។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៨៩១នាក់បន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៦៧,០៤៤នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់ ២២៤នាក់។
គួរបញ្ជាក់ថា ការផ្ទុះឡើងនៃការឆ្លងរាលដាល COVID-19 មួយរយៈចុងក្រោយនេះនៅថៃ ដែលរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមមកពីចក្រភពអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ រ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងចំនួន ៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន ១០៩នាក់ ក្នុងខែមេសាតែឯង។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ប្រទេសថៃបានចាក់ជូនប្រជាជនរបស់ខ្លួនជាង ២.៥លានដូស៕