(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារដែនសមុទ្រ ស្ថិតនៅភាគឦសានប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែពុំមានការចេញសេចក្តីព្រមានថា អាចកើតមានរលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍នេះ នៅក្នុងជម្រៅប្រមាណ ៤៧គីឡូម៉ែត្រពីក្រោមបាតសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅក្បែរតំបន់ អ៉ីហ្ស៊ីណូម៉ាគិ (Ishinomaki) នៃខេត្តមីយ៉ាគិ (Miyagi) និងនៅជិតចំណុចញ័ររញ្ជួយកាលពីខែមីនា ឆ្នាំ២០១១ ដែលបានបង្កជារលកយក្សស៊ូណាមិ ផ្តាច់ជីវិតប្រជាជនជប៉ុនរហូតដល់ជាង ១៨,០០០នាក់នោះផងដែរ។
យ៉ាងណាក៏ដោយ ពុំមានការព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានដាក់ចេញនោះឡើយ ខណៈអាជ្ញាធរជប៉ុនក៏មិនទាន់បញ្ចេញព័ត៌មាន អំពីទំហំនៃការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះនោះដែរ។ ប្រជុំកោះនានារបស់ជប៉ុន ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង (Pacific Ring of Fire) ដែលជាហេតុនាំឲ្យប្រទេសនេះ ងាយរងគ្រោះធម្មជាតិផ្សេងៗ ជាពិសេសគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ៕