(ស៊ីដនី)៖ ជនជាតិអូស្ត្រាលីទាំងអស់ និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ (គិតត្រឹមថ្ងៃចាប់អនុវត្តបម្រាម) ដែលមានគម្រោងត្រឡប់មកផ្ទះវិញ នោះនឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលមកក្នុងទឹកដីអូស្ត្រាលីឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភា (ដើមសប្តាហ៍ក្រោយ)។ អ្នកដែលបំពានបំរាមនេះ នឹងត្រូវរងការពិន័យជាប្រាក់ និងឈានដល់ជាប់ពន្ធនាគារផងដែរ។ នេះបើប្រភពពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។
ការដាក់ចេញបម្រាមបន្ទាន់ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសុក្រ ជាផ្នែកមួយនៃវិធានការយ៉ាងតឹងរ៉ឹង ដែលអូស្ត្រាលីបានដាក់ចំពោះ អ្នកធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដោយសារតែនៅទីនោះ ការឆ្លងរាតត្បាត COVID-19 បាននិងកំពុងវិវឌ្ឍកាន់តែអាក្រក់ និងមានអ្នកឆ្លងជិតដល់ខ្ទង់ ៤០០,០០០នាក់ ក្នុងមួយថ្ងៃទៅហើយ។
គួរបញ្ជាក់ជាថ្មីថា បម្រាមខាងលើនេះនឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី០៣ ខែឧសភាតទៅ ហើយអ្នកដែលល្មើសបម្រាមនេះ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ និងអាចជាប់ពន្ធនាគាររហូតដល់ ០៥ឆ្នាំ។ នេះបើតាមការលើកឡើង ដោយរដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt)។ អូស្ត្រាលីក៏បានបញ្ជាក់បន្ថែមផងដែរថា ខ្លួននឹងពិចារណាឡើងវិញម្តងទៀត ចំពោះវិធានការរឹតបន្តឹងខាងលើនេះ នៅថ្ងៃទី១៥ ខែឧសភា៕