(អ៊ីស្រាអែល)៖ អាជ្ញាធរសុខាភិបាលបាននិយាយថា ហេតុការណ៍រត់ជាន់គ្នានៅឯពិធីសាសនាមួយ ដែលចូលរួមដោយជនជាតិជ្វីហ្វរាប់ម៉ឺននាក់ ស្ថិតភាគខាងជើងអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៤៥នាក់ និងរងរបួសប្រហែល ១៥០នាក់នៅព្រឹកថ្ងៃសុក្រ។ វាជាគ្រោះមហន្តរាយស៊ីវិលដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
ហេតុការណ៍ឆោឡោរត់ជាន់គ្នានេះ បានកើតឡើងក្នុងអំឡុងពេល នៃការប្រារព្វពិធីបុណ្យ Lag Bomer នៃជនជាតិជ្វីហ្វនៅលើភ្នំ Mount Meron ដែលជាការជួបជុំដ៏ធំលើកដំបូងខាងសាសនា ដែលត្រូវបានធ្វើឡើងដោយស្របច្បាប់ ចាប់តាំងពីប្រទេសនេះបានដកការរឹតត្បិតទាំងអស់ ដែលទាក់ទងទៅនឹងជំងឺរាតត្បាត COVID-19។
វាបានចាប់ផ្តើម នៅពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅក្នុងច្រករបៀងដូចផ្លូវរូងក្រោមដីតូចចង្អៀតមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍ នេះបើយោងតាមសាក្សី និងវីដេអូ។ សាក្សីបាននិយាយថា មនុស្សម្នាបានដួលលើគ្នា ខណៈដែលអ្នកខ្លះត្រូវបានគេជាន់សង្កត់ពីលើមិនអាចរើរួចរហូតដល់ថប់ដង្ហើមស្លាប់តែម្តង។
គួរបញ្ជាក់ថា ពិធីបុណ្យសាសនានេះ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ មានអ្នកចូលរួមច្រើនលើសធម្មតា។ បើតាមកាសែតក្នុងស្រុកបានឲ្យដឹងថា មានមនុស្សចូលរួមប្រមាណជាង ១០មុឺននាក់៕