(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក Pfizer លោក Albert Bourla បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ថ្នាំគ្រាប់ដែលអាចប្រើប្រាស់សម្រាប់ព្យាបាលជំងឺ COVID-19 នៅពេលអ្នកជំងឺចេញរោគសញ្ញាដំបូងនោះ អាចនឹងមានជាសាធារណៈនៅដំណាច់ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Forbes នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
លោកបានកត់សម្គាល់ថា ការព្យាបាលប្រឆាំងវីរុសបំប្លែងខ្លួនថ្មី ក៏ត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពផងដែរ។
គួរបញ្ជាក់ថា កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Pfizer បានប្រកាសពីការចាប់ផ្តើមធ្វើតេស្តដំណាក់កាលដំបូង នៃការប្រើប្រាស់ថ្នាំប្រភេទ ប្រូធីស អ៉ីនហ៊ីប៊ីទ័រ (Protease inhibitor) ជាបច្ចេកវិទ្យាថ្នាំដូចគ្នា ដែលជាទូទៅត្រូវបានប្រើប្រាស់ សម្រាប់ការព្យាបាលជំងឺអេដស៍។ ថ្នាំនេះបច្ចុប្បន្នមានឈ្មោះសម្គាល់ថា PF-07321332។
ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ថ្នាំ PF-07321332 ត្រូវបានអភិវឌ្ឍឡើងដើម្បីធ្វើជាវិធីសាស្រ្តព្យាបាលមួយ តាមរយៈការលេបប្រឆាំងនឹងជំងឺ COVID-19។ គ្រូពេទ្យនឹងអាចចេញវេជ្ជបញ្ជា ឲ្យប្រើប្រាស់ថ្នាំនេះសម្រាប់អ្នកជំងឺ នៅពេលពួកគេចេញរោគសញ្ញាដំបូងនៃការឆ្លងតែម្តង ដោយមិនតម្រូវឲ្យទាល់តែដល់ពេលអ្នកជំងឺ ត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ ឬក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះឡើយ៕