(ប៉ារីស)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក Olivier បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសបារាំងបានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌាចំនួន ៣ករណីដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីបារាំងបាននិយាយថា ករណីឆ្លងនេះត្រូវបានគេរកឃើញក្នុងចំណោមអ្នកដំណើរដែលបានមកពីប្រទេសឥណ្ឌា និងអ្នកដែលគ្មានទំនាក់ទំនងសោះជាមួយពួកគេ។
ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា «ករណីទាំងបីដំបូងនេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ វាត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីសេវាសុខភាព ហើយនោះជាអ្វីដែលយើងកំពុងធ្វើ»។
គួរបញ្ជាក់ថា ប្រទេសបារាំងបានចាត់វិធានការបិទខ្ទប់ប្រទេសជាលើកទីបី ចាប់តាំងពីចុងខែមីនាមក បន្ទាប់ពីទទួលរងនូវការកើនឡើង នៃចំនួនអ្នកស្លាប់និងករណីឆ្លងដោយសារតែការរីករាលដាល នៃវីរុសឆ្លងបំប្លែងខ្លួនថ្មី។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សចំនួន ២៦,៥៣៨នាក់ ត្រូវបានធ្វើតេស្តរកឃើះវិជ្ជមានចំពោះកូវីដ-១៩ នៅក្នុងប្រទេសបារាំង ដែលនាំមកនូវការឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ជាង ៥.៥៩លាននាក់៕