(ហាណូយ)៖ នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសវៀតណាមបានប្រកាសរកឃើញ អ្នកឆ្លងជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ០៣នាក់ទៀត បន្តពីការរកឃើញចំនួន ០៦ករណីដំបូងមិនធ្លាប់ក្នុងរយៈពេលជាង ១ខែ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Vietnam Express។
បើតាមអាជ្ញាធរវៀតណាម ករណីឆ្លងថ្មីៗទាំងបីនាក់នេះ គឺសុទ្ធតែជាមនុស្សធ្លាប់មានទំនាក់ទំនង បុរសជនជាតិវៀតណាម ដែលបានធ្វើដំណើរត្រលប់មកពីជប៉ុនវិញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ សម្រាប់អ្នកជំងឺ COVID-19 ទី ២,៩១១ នោះក៏ករណីឆ្លងក្នុងសហគមន៍ដំបូងផងដែរ សម្រាប់ទីក្រុងហាណូយនៅក្នុងរយៈពេល ៧៣ថ្ងៃមកនេះ។
អាជ្ញាធរវៀតណាមកំពុងតែតាមដានរក អ្នកពាក់ព័ន្ធទៅនឹងករណីឆ្លងទាំង ០៣នាក់ចុងក្រោយលើ ខណៈអគារស្នាក់នៅក្នុងសង្កាត់មួយនៃទីក្រុងហាណូយ ដែលមានមនុស្ស ២១នាក់នៅក្នុងនោះ ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដើម្បីយកសំណាកអ្នកសង្ស័យទៅពិនិត្យរក COVID-19 និងដាក់ឲ្យធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា ប្រទេសវៀតណាមដែលមានប្រជាជនសរុបជាង ៩៨លាននាក់ គិតត្រឹមថ្ងៃសុក្រនេះមានករណីឆ្លង COVID-19 សរុប ២,៩១៣ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយវិញ ២,៥១៦នាក់៕