(ញូដេលី)៖ ជើងហោះហើរអន្តរជាតិសម្រាប់ដឹកអ្នកដំណើរ ចេញ-ចូលប្រទេសឥណ្ឌា នឹងត្រូវបន្តផ្អាករហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្របពេលដែល COVID-19 បានបន្តរាតត្បាតខ្លាំងឡើងវិញ និងសាហាវជាងមុនទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
អគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិលនៃប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសនៅថ្ងៃសុក្រនេះថា ការផ្អាកសេវាកម្មជើងហោះហើរ អន្តរជាតិសម្រាប់ដឹកអ្នកដំណើរចេញ-ចូលឥណ្ឌា ពាក់ព័ន្ធនឹងបញ្ហា COVID-19 នោះ គឺនឹងត្រូវបន្តមានសុពលភាពរហូតដល់ម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែអាចមានករណីលើកលែង ចំពោះជើងហោះហើរអន្តរជាតិសម្រាប់ដឹកជញ្ជូនទំនិញសុទ្ធសាធ និងជើងហោះហើរអន្តរជាតិណា ដែលត្រូវបានអនុញ្ញាតជាពិសេស ដោយអាជ្ញាធរពាក់ព័ន្ធ។
គួរបញ្ជាក់ថា ជើងហោះហើរអន្តរជាតិដឹកអ្នកដំណើរត្រូវបានផ្អាក ចាប់តាំងតែពីឥណ្ឌាបានបិទខ្ទប់ប្រទេសទាំងស្រុង កាលពីចុងខែមីនា ឆ្នាំ២០២០ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃ COVID-19 នាពេលនោះ។ សម្រាប់ជើងហោះហើរសម្រាប់ដឹកអ្នកដំណើរក្នុងស្រុក គឺបានបន្តដំណើរការឡើងវិញនៅឥណ្ឌា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំមុន ក្រោយផ្អាកជិតពីរខែ។
ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ឥណ្ឌាបានធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិពិសេស ជាបន្តបន្ទាប់ ហើយចាប់ពីខែកក្កដា ឆ្នាំដដែល ឥណ្ឌាក៏បានធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិ លក្ខណៈទ្វេភាគី ជាមួយបណ្តាប្រទេសដែលមានការព្រមព្រៀងគ្នាផងដែរ។ ប៉ុន្តែក្រោយពីមានការផ្ទុះ COVID-19 ខ្លាំងឡើងវិញនៅអំឡុងខែមេសា ឆ្នាំ២០២១នេះ ប្រទេសមួយចំនួនបានសម្រេចផ្អាក ជើងហោះហើររវាងឥណ្ឌាវិញ៕