(ប៉េកាំង)៖ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ធ្លាប់បានថ្លែងជាច្រើនដងថា ប្រសិនបើជំនាន់យុវជនមានឧត្តមគតិ មានសមត្ថភាពនិងមានទំនួលទទួលខុសត្រូវ នោះប្រទេសជាតិនឹងមានអនាគត ជនជាតិមានក្តីសង្ឃឹម។ តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី១៨មក លោក ស៊ី ជីនភីង បានលើកទឹកចិត្តឱ្យយុវជន ផ្សារភ្ជាប់ឧត្តមគតិនិងការខិតខំប្រឹងប្រែងរបស់ខ្លួន ជាមួយកិច្ចការប្រទេសជាតិនិងជនជាតិ ដើម្បីធ្វើឱ្យយុវភាពរីកស្គុសស្គាយដូចផ្កា។

មុនទិវាយុវជន «៤ ឧសភា» របស់ចិន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ក្នុងអំឡុងពេល ចុះត្រួតពិនិត្យការងារនៅសាកលវិទ្យាល័យស៊ីនហួថា ក្នុងយុគសម័យថ្មី យុវជនចិនកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត នៃការអភិវឌ្ឍរបស់ប្រជាជាតិចិន ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ និងជិតសម្រេចបាននូវគោលដៅ ដែលស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។ យុវជនទាំងឡាយត្រូវប្រកាន់ខ្ជាប់ នូវបេសកកម្មប្រវត្តិសាស្ត្រ ពង្រឹងជំនឿចិត្ត ដើម្បីខិតខំប្រឹងប្រែងក្លាយជាមនុស្សជំនាន់ថ្មី ដែលអាចបំពេញតួនាទីដ៏សំខាន់ នៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។

លោក ស៊ី ជីនភីង បានលើកឡើងទៀតថា ការកសាងប្រទេសខ្លាំងខាងសង្គមនិយមទំនើប សម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនគឺជាមហាដំណើរមួយ។ យើងមានការតាំងចិត្តអាចផ្តល់ នូវសមិទ្ធផលល្អសម្រាប់យុវជនជំនាន់នេះ ហើយក៏រំពឹងទុកថា យុវជនជំនាន់នេះអាចបង្កើតសមិទ្ធផលល្អប្រសើរសម្រាប់អនាគតផងដែរ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យុវជនចិនក្នុងយុគសម័យថ្មី នឹងបោះជំហានទៅមុខក្នុងយុគសម័យថ្មី ដូច្នេះយុវជននឹងអាចរួមចំណែកកាន់តែច្រើន ដល់មាតុប្រទេស ប្រជាជន ប្រជាជាតិនិងមនុស្សជាតិ៕