(ឡុងដ៍)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នៃចក្រភពអង់គ្លេស បានប្រកាសថា ការលក់វ៉ាក់សាំងបង្ការ COVID-19 អាចឲ្យខ្លួនរកចំណូលបាន ២៧៥លានដុល្លារអាមេរិក ខណៈលទ្ធផលនេះត្រូវបានគេមើលឃើញថា ប្រសើរជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

នេះជាលើកដំបូងហើយសម្រាប់ AstraZeneca នៅក្នុងការប្រកាសអំពីប្រាក់ចំណូល បានមកពីការលក់វ៉ាក់សាំង ខណៈកន្លងមកក្រុមហ៊ុនអង់គ្លេស ដែលជាដៃគូសហការជាមួយសាកលវិទ្យាល័យ Oxford មួយនេះធ្លាប់បានអះអាងថា ខ្លួននឹងមិនរកផលចំណេញពីការលក់វ៉ាក់សាំង អំឡុងការរាតត្បាតនៃជំងឺ (COVID-19) នោះឡើយ។

គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់ AstraZeneca គឺបានមកពីការលក់វ៉ាក់សាំងសរុប ៦៨លានដូសនៅទូទាំងពិភពលោក សម្រាប់ត្រីមាសទី ១ ឆ្នាំ២០២១ ដោយក្នុងនោះការលក់នៅទ្វីបអឺរ៉ុបសម្រេចបាន ២២៤លានដុល្លារ, ការលក់ក្នុងប្រទេសធំៗមួយចំនួនសម្រេចបាន ៤៨លានដុល្លារ និងការលក់ទៅកាន់តំបន់មួយចំនួន នៅលើពិភពលោកសម្រេចបាន ៨លានដុល្លារ។

បើតាមការវាយតម្លៃរបស់ AstraZeneca ផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 នឹងត្រូវថយចុះ ហើយអ្វីៗនឹងមានសន្ទុះប្រសើរឡើងវិញ ចាប់ពីត្រីមាសទី ៤ នៃឆ្នាំ២០២១ខាងមុខនេះតទៅ៕