(ណៃពិដោ)៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានឲ្យដឹងក្នុងរបាយការណ៍ថ្មីមួយថា ផលប៉ះពាល់រួមគ្នានៃវិបត្តិ COVID-19 និងវិបត្តិនយោបាយ អាចនឹងបណ្តាលឲ្យប្រជាជនមីយ៉ាន់ម៉ាជិតពាក់កណ្តាល ឬស្មើនឹងខ្ទង់២៥លាននាក់ ត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រ នៅឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

លោកស្រី ខាន់នី វីគណារ៉ាចា (Kanni Wignaraja) នាយិកាអង្គការ UNDP ប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានថា «វិបត្តិជំងឺរាតត្បាតសកល COVID-19 និងវិបត្តិនយោបាយដែលកំពុងកើតឡើង គឺជាកត្តារួមបញ្ចូលគ្នាដ៏ធំ ដែលកំពុងរុញច្រាន ប្រជាជនងាយរងគ្រោះនៅមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកនិងធ្លាក់ចូលកាន់ជ្រៅ ក្នុងភាពក្រីក្រ»។

លោកស្រី វីគណារ៉ាចា បានបន្តថា ការអភិវឌ្ឍនានាដែលសម្រេចបាន អំឡុងរយៈពេលរាប់ឆ្នាំនៃការធ្វើអន្តរកាលទៅរកប្រជាធិបតេយ្យ បើទោះបីជាមិនល្អឥតខ្ចោះក៏ដោយ កំពុងត្រូវបានលុបចោលទៅវិញ ក្នុងរយៈពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ។ បើតាមលោកស្រីនាយិកា UNDP វឌ្ឍនភាពរបស់មីយ៉ាន់ម៉ា អាចនឹងថយទៅដល់ដូចកាលពីឆ្នាំ២០០៥ នៅពេលដែលប្រទេសអាស៉ីអាគ្នេយ៍នេះ ស្ថិតក្រោមរបបយោធា ហើយចំនួនប្រជាជនខ្ទង់ពាក់កណ្តាល ស្ថិតក្នុងភាពក្រីក្រ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងតែពីយោធាបានឡើងគ្រប់គ្រងប្រទេស ក្រោយផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់ លោកស្រី អោង សាន ស៊ូ ជី ហើយធ្វើសកម្មភាពបង្រ្កាបដោយបង្ហូរឈាម លើក្រុមបាតុករ។ បើតាមការអះអាងរបស់ក្រុមសកម្មជនដែល ឃ្លាំងមើលស្ថានការណ៍នៅមីយ៉ាន់ម៉ា មនុស្សសរុបជាង៧៥០នាក់ បានបាត់បង់ជីវិត ក្រោមការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ៕