(បរទេស)៖ ក្រុមជនជាតិភាគតិចការ៉ែន (Karen) រាប់ពាន់នាក់ កំពុងត្រៀមខ្លួនឆ្លងដែនចូលទៅកាន់ប្រទេសថៃ ប្រសិនបើមានការប្រយុទ្ធគ្នាដូចដែលបានរំពឹងទុក កើនឡើងកាន់តែខ្លាំងរវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមពួកឧទ្ទាមការ៉ែន ដែលបានប្រកាសគាំទ្រក្រុមប្រឆាំងរបបយោធា ក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
ក្រុមឧទ្ទាមការ៉ែន និងកងទ័ពមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នា នៅជិតព្រំដែនថៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ចាប់តាំងពីមេដឹកនាំរបបយោធា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អោង សាន ស៊ូ ជី ចេញពីតំណែង ដែលបាននិងកំពុងបង្កឱ្យអ្នកភូមិ រស់នៅតាមព្រំដែនទាំងខាងមីយ៉ាន់ម៉ា និងថៃភៀសខ្លួនចេញពីទីលំនៅ។
អ្នកភូមិជនជាតិភាគតិចការ៉ែនម្នាក់ ដែលបានភៀសខ្លួនចេញពីពីជំរុំភៀសខ្លួន អ៊ី ធូ ហាថា (Ee Thu Hta) ក្នុងទឹកដីមីយ៉ាន់ម៉ា រួចឆ្លងចូលទៅកាន់ប្រទេសថៃ ជាមួយគ្រួសាររបស់ខ្លួននៅសប្តាហ៍នេះ បានប្រាប់សារព័ត៌មាន Reuters ថា «ប្រជាជនយើងបាននិយាយថា ជនជាតិភូមានឹងមកបាញ់ប្រហារយើង ដូច្នេះយើងបានភៀសខ្លួនមកកាន់ទីនេះ។ ខ្ញុំត្រូវភៀសខ្លួនឆ្លងទន្លេ»។ ទន្លេដែលជនជាតិការ៉ែនបាននិយាយ គឺសំដៅលើទន្លេ សាលវីន (Salween) ដែលបង្កើតជាព្រំដែននៅតំបន់នោះ។
គួរបញ្ជាក់ថា បើតាមបណ្តាញគាំទ្រសន្តិភាពជនជាតិភាគតិចការ៉ែន អ្នកភូមិរាប់ពាន់នាក់កំពុងជ្រកកោន នៅផ្នែកម្ខាងនៃទន្លេ Salween ដែលស្ថិតក្នុងទឹកដីមីយ៉ាន់ម៉ា ហើយពួកគេនឹងភៀសខ្លួនចូលទៅកាន់ប្រទេសថៃ ប្រសិនបើមានការប្រយុទ្ធគ្នាកើនឡើងកាន់តែខ្លាំង៕