(បាងកក)៖ ការខ្វះខាតគ្រែពេទ្យនៅក្នុងប្រទេសថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន ខណៈរលកថ្មីនៃជំងឺ COVID-19 បានឆ្លងរីករាលដាលដល់មនុស្សជាង ៣៤,០០០នាក់បន្ថែមទៀត តែនៅក្នុងខែមេសានេះមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៨៧១ករណី និងករណីស្លាប់ថ្មីៗចំនួន ១០នាក់ទៀត ខណៈអ្នកជំងឺជិត ២៨,០០០នាក់កំពុងសម្រាកព្យាបាល។ ទោះបីជាចំនួនករណីឆ្លងបានថយចុះមកក្រោម ២,០០០ករណីជាលើកដំបូងក្នុងរយៈពេល ០៦ថ្ងៃចុងក្រោយនេះក៏ដោយ ក៏មន្ទីរពេទ្យត្រូវបានពោរពេញទៅដោយអ្នកជំងឺ ដែលមានស្ថានភាពធ្ងន់ធ្ងរដែរ។
ទិន្នន័យពីក្រសួងសុខាភិបាលថៃ បានបង្ហាញពីការកើនឡើងបន្តិចម្តងៗ ចំពោះអ្នកជំងឺដែលត្រូវការប្រើប្រាស់ បំពង់ជំនួយផ្លូវដង្ហើម និងអ្នកជំងឺរលាកសួត ឬរលាកជាលិកាសួត ដែលអាចបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត។ ចំនួនអ្នកជំងឺបែបនេះបានកើនលើសពី ១,០០០នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ការកើនឡើងនៃករណីឆ្លងបានជំរុញឱ្យមានការបើក មន្ទីរពេទ្យបណ្តោះអាសន្ននៅតាមសាលធំៗ និងមន្ទីរពេទ្យនៅតាមសណ្ឋាគារជាច្រើន នៅទូទាំងប្រទេសថៃ ដែលមានគ្រែពេទ្យជាង ១០,០០០គ្រឿង ដើម្បីទទួលអ្នកជំងឺ។ ទោះជាយ៉ាងណា គ្រឿងបរិក្ខាទាំងនេះ អាចផ្ទុកតែអ្នកជំងឺដែលគ្មានរោគសញ្ញា ឬហៅថា អាស៉ីមតូម៉ាទិច (asymptomatic case) និងអ្នកជំងឺដែលមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ រីឯចំពោះអ្នកជំងឺដែលមានរោគសញ្ញាកម្រិតមធ្យម ឬធ្ងន់ធ្ងរ ពួកគេត្រូវការសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យស្តង់ដារ ដែលមានឧបករណ៍សង្គ្រោះបន្ទាន់។
គួរបញ្ជាក់ថា បើតាមនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ មានគ្រែពេទ្យចំនួន ៤៤,៥៦០គ្រែនៅទូទាំងប្រទេសថៃ។ គិតត្រឹមថ្ងៃទី២៧ ខែមេសា គ្រែពេទ្យចំនួន ២២,៨៦៥ គឺនៅទំនេរ។ ប៉ុន្តែជាងពាក់កណ្តាលនៃចំនួនទាំងនេះ ស្ថិតនៅក្នុងមន្ទីរពេទ្យតាមសាល-កីឡដ្ឋាន និងមន្ទីរពេទ្យតាមសណ្ឋាគារ ខណៈមួយចំនួនធំស្ថិតនៅក្នុងមន្ទីរពេទ្យធម្មតា ប៉ុន្តែត្រូវបានដាក់អ្នកជំងឺពេញហើយ៕