(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកកំពុងស្វះស្វែងជួយឥណ្ឌា បង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន ក៏ដូចជាផ្ដល់ជំនួយនានាទៅឱ្យប្រទេសមួយនេះឱ្យបានឆាប់រហ័សដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក ជេរេមី ខូនីនឌីគ (Jeremy Konyndyk) ជានាយកប្រតិបត្តិនៃអង្គភាពប្រយុទ្ធប្រឆាំង COVID-19 នៃទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាយើងចាំបាច់ត្រូវតែជួយពួកគេ (ឥណ្ឌា) ដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការបង្កើនការផ្ដល់ជំនួយឱ្យបានឆាប់រហ័ស និងបង្កើនការខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន ឬបរិក្ខាដែលអាចជួយឱ្យពួកគេផលិតអុកស៊ីសែន»។
គួរបញ្ជាក់ថា យន្ដហោះយោធាដំបូងគេរបស់សហរដ្ឋអាមេរិកបានដឹកជញ្ជូនជំនួយបន្ទាន់ ក្នុងនោះរួមមានទាំងអុកស៊ីសែន, ម៉ាស N95 និងឧបករណ៍ធ្វើតេស្ដ រហ័សជាដើមទៅដល់ប្រទេសឥណ្ឌាហើយនៅថ្ងៃសុក្រនេះ ហើយជំនួយទាំងនេះដែលគិតជាទឹកប្រាក់សរុបច្រើនជាង ១០០លានដុល្លារ នឹងបន្តមកដល់ឥណ្ឌា ជាបន្តបន្ទាប់ទៀត៕