(ហ្សេរុយសាឡឹម)៖ មនុស្សរាប់សិបនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ចលាចលនៅឯពិធីបុណ្យសាសនាដ៏ធំមួយ ក្នុងប្រទេសអ៉ីស្រាអែល ខណៈនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចាត់ទុកថានេះជាសោកនាដកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថាផ្នែកមួយនៃកៅអីអង្គុយក្នុងពហុកីឡដ្ឋានបានបាក់រលំនៅឯពីបុណ្យសាសនាជី្វហ្វ Lag B'Omer នៅឯភ្នំ Meron ស្ថិននៅក្នុងតំបន់ Galilee។ ប៉ុន្តែខាងមន្ត្រីអ៉ីស្រាអែលសន្និដ្ឋានបឋមថាអ្នកដែលបានបាត់បង់ជីវិតអាចបណ្ដាលមកពីថប់ដង្ហើម ឬរត់ជាន់គ្នាដោយសារតែមាន មនុស្សជាច្រើនចូលរួមក្នុងពិធីនេះ។
ដោយឡែកក្រុមគ្រូពេទ្យបានឱ្យដឹងថាមនុស្សយ៉ាងហោច ១០៣នាក់បានរងរបួស ក្នុងនោះមានជាច្រើននាក់បានស្លាប់។ ទូរទស្សន៍ Channel 12 TV ក៏បាន បញ្ជាក់ដែរថាមនុស្ស៣៨នាក់បានស្លាប់។ បច្ចុប្បន្ន ប៉ូលិសបានចុះបិទទីតាំងកើតហេតុ និងបង្គាប់ឱ្យអ្នកចូលរួមទាំងអស់ជម្លៀសខ្លួនតាមរថយន្ដក្រុង ស្របពេល ការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕