(តៃបុិ)៖ អាជ្ញាធរកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការផ្ទេរមនុស្សជាង ៤០០នាក់ពីសណ្ឋាគារអាកាសយានដ្ឋាន ទៅដាក់កន្លែងធ្វើចត្តាឡីស័ក បន្ទាប់ពីមានការផ្ទុះការឆ្លងរីករាលដ៏កម្រមួយ នៃជំងឺ COVID-19 ខណៈអគារសណ្ឋាគារទាំងមូលនឹងត្រូវបាញ់សម្លាប់មេរោគ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
ចាប់តាំងពីសប្តាហ៍មុនគ តៃវ៉ាន់បានរាយការណ៍ពីករណីឆ្លង COVID-19 លើអ្នកបើកបរយន្តហោះដឹកទំនិញចំនួន ៩នាក់ ដែលមកពីក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់តៃវ៉ាន់ គឺក្រុមហ៊ុនអាកាសចរណ៍ចិន។ ក្នុងចំណោមពួកគេបានស្នាក់នៅសណ្ឋាគារអាកាសយានដ្ឋានអន្តរជាតិ Novotel Taipei Taoyuan ដែលឥឡូវនេះកំពុងត្រូវបានគេជម្លៀសបុគ្គលិកចេញទៅចត្តាឡីស័ក។
លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានថា បុគ្គលិកសណ្ឋាគារដែលវិជ្ជមាន COVID-19 ម្នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយរដ្ឋាភិបាលបានសម្រចចិត្តធ្វើការផ្ទេរមនុស្សទាំងអស់ចំនួន ៤១២នាក់របស់សណ្ឋាគារ រួមទាំងអ្នកបើកយន្តហោះ និងបុគ្គលិកទាំងអស់ ទៅកាន់កន្លែងធ្វើចត្តាឡីស័កដើម្បីត្រៀមធ្វើតេស្ត។
លោកបានបន្ថែមថា «សណ្ឋាគារនោះកំពុងត្រូវបានសមត្ថកិច្ចសម្អាត និងបាញ់សម្លាប់មេរោគយ៉ាងហ្មត់ចត់...យើងមានការព្រួយបារម្ភថា បុគ្គលិកផ្សេងទៀតក៏អាចឆ្លងជំងឺនេះដែរ»។
គួរបញ្ជាក់ថា តៃវ៉ាន់បានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានយ៉ាងល្អដោយសារតែវិធានការបង្ការទុកជាមុន តាមរយៈការបិទព្រំដែនយ៉ាងមានប្រសិទ្ធភាព។ ហើយករណីភាគច្រើន គឺជាប្រភេទករណីនាំចូល។ រហូតមកទល់ពេលនេះ បានកត់ត្រាករណីឆ្លងសរុប ១,១១២ករណី ក្នុងនោះស្លាប់ ១២នាក់ និងជាសះស្បើយ ១,០៥៤នាក់៕