(បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចពង្រីកតំបន់ក្រហមងងឹតបន្ថែមទៀត ដែលគ្រប់ដណ្តប់លើខេត្ត-ក្រុងចំនួន៦ គឺទីក្រុងបាងកក ខេត្តឆុនបូរី (Chonburi) ខេត្តឈៀងម៉ៃ (Chiang Mai) ខេត្តណុនថាបួរី (Nonthaburi) ខេត្តសាមុតប្រាកាន (Samut Prakan) និងខេត្តផាធម ថានី (Pathum Thani)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

បើតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃបានឲ្យដឹងថា វិធានការរឹតត្បិតនានានៅក្នុងតំបន់ក្រហមងងឹតខាងលើ នឹងដាក់ឲ្យអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី០១ ខែឧសាខាងមុខនេះទៅ។ ភោជនីយដ្ឋាន និងហាងកាហ្វេទាំងអស់នៅក្នុងខេត្ត-ក្រុងទាំង៦ នឹងត្រូវបានបិទទ្វារមិនឲ្យទទួលអតិថិជនលើកលែងតែសេវាកម្មដឹកជញ្ជូលដល់ផ្ទះ។

នៅក្នុងតំបន់ក្រហមងងឹតដដែលនេះ ក៏មិនអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងខេត្តមួយ ទៅខេត្តមួយ និងការជួបជុំគ្នាដែលមានមនុស្សលើសពី ២០នាក់ផងដែរ។ ចំណែកផ្សារ និងហាងទំនិញអាចបើកពីម៉ោង ៤ព្រឹកដល់ ១១យប់ ខណៈផ្សារទំនើបនានាត្រូវបិទត្រឹមម៉ោង ៩ យប់៕