(ណៃពិដោ)៖ យោធាមីយ៉ាន់ម៉ាបានទទួលស្គាល់ថា ក្រុមមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើ មូលដ្ឋានទ័ពអាកាសចំនួន០២កន្លែង នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ដោយគ្រាន់តែមានការខូចខាតតិចតួច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

ក្នុងការវាយប្រហារមួយដំបូង គ្រាប់រ៉ុក្កែតចំនួន០៤គ្រាប់ ត្រូវបានបាញ់សំដៅទៅរកមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅជាយទីក្រុង Magway ដែលស្ថិតនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នាវេលាទាបភ្លឺ។ រ៉ុក្កែត០៣គ្រាប់ បានធ្លាក់ទៅចំដីស្រែ និង០១គ្រាប់ទៀត បានធ្លាក់ទៅចំផ្លូវ។ យ៉ាងណាមិញ អគារមួយខ្នងនៅមូលដ្ឋានយោធានោះ បានរងការខួចខាតបន្តិចបន្តួច តែពុំមានមនុស្សរងគ្រោះ ថ្នាក់ឡើយ។

ក្រោយមក ក៏មានការបាញ់រ៉ុក្កែតចំនួន០៥គ្រាប់ សំដៅទៅរកមូលដ្ឋានទ័ពអាកាសសំខាន់មួយរបស់មីយ៉ាន់ម៉ា ដែលស្ថិតនៅទីក្រុង Meiktila ភាគឦសាន្តនៃទីក្រុង Magway។ ប៉ុន្តែការបាញ់គ្រាប់រ៉ុក្កែតនោះ ក៏មិនបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬមួយក៏ការខូចខាតអ្វីដែរ។

គួរបញ្ជាក់ថា មិនទាន់ឃើញមានក្រុមណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះសកម្មភាពវាយប្រហារទាំងពីរខាងលើ នៅឡើយទេ។ ចាប់ តាំងពីយោធាបានឡើងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែកុម្ភៈមក ការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសជាច្រើនលើក នៅតាមតំបន់ព្រំដែន ភាគភាគខាងជើងនិងភាគខាងកើតប្រទេស៕