(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានអនុញាតលើការនាំចូលបរិក្ខាវេជ្ជសាស្ត្រចាំបាច់នានា ជាពិសេសគឺអុកស៊ីសែន ដើម្បីប្រយុទ្ធជាមួយ
រលកទី២ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
ការសម្រេចចិត្តខាងលើពិតជាមានសារៈសំខាន់ ខណៈបរិក្ខាវេជ្ជសាស្ត្រកំពុងស្ថិតនៅក្នុងតម្រូវការបន្ទាន់ សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មវេជ្ជសាស្ត្រ។ រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា បរិក្ខាវេជ្ជសាស្ត្រដែលត្រូវនាំចូលជាចំាបាច់ ក្នុងនោះមានអុកស៊ីសែន ឬឧបករណ៍ដែលជួយបង្កើនការផលិតអុកស៊ីសែន និងបរិក្ខាពេទ្យជាច្រើនទៀត។
បន្ថែមពីខាងលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការសម្រេចចិត្តខាងលើ គឺជាការផ្លាស់ប្ដូរគោលនយោបាយមួយដ៏ធំ ខណៈឥណ្ឌាកំពុងចាប់ផ្ដើមទទួលជំនួយ និងអំណោយពីបណ្ដាប្រទេសនានាយកមកប្រើប្រាស់ ដើម្បីប្រយុទ្ធនឹង COVID-19 ប្រឈមមុខនឹងការខ្វះខាតអុកស៊ីសែន និងគ្រែសម្រាប់អ្នកជំងឺ ស្របពេលចំនួនអ្នកឆ្លង និងអ្នកស្លាប់កើនឡើងជាលំដាប់។
គួរបញ្ជាក់ថា ឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ នៅតែបន្តរកឃើញអ្នកឆ្លងនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ៣៧៩,២៥៧នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៦៤៥នាក់បានស្លាប់។ បូកបញ្ចូលតួលេខទាំងនេះធ្វើឱ្យឆ្លងទូទាំងប្រទេសកើនដល់លើស ១៨លាននាក់ ក្នុងនោះស្លាប់កើនឡើងដល់ ២០៤,៨៣២នាក់ និងជាង ១៥លាននាក់ជាសះស្បើយឡើងវិញ ហើយជាង ៣លាននាក់ទៀតកំពុងព្យាបាល៕