(ប៊ែរឡាំង)៖ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលសហការជាមួយក្រុមហ៊ុន Pfizer សហរដ្ឋអាមេរិកបានអះអាងថា លទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 សម្រាប់ប្រើប្រាស់លើទារកអាយុចាប់ពី ៦ខែ និងក្មេងៗអាយុចាប់ ៥-១២ឆ្នាំ នឹងចេញនៅក្នុងខែកក្កដា និងកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
សហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន BioNTech លោក អ៊ូហ្គ័រ សាហ៊ីន (Ugur Sahin) បានលើកឡើងថា «នៅក្នុងខែកក្កដា លទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំង (បង្ការ COVID-19) សម្រាប់ក្មេងអាយុពី ៥-១២ឆ្នាំ នឹងត្រូវចេញជាលើកដំបូង។ យើងត្រូវការរយៈពេល ៤-៦សប្តាហ៍ទៀត ដើម្បីប្រមូលយកទិន្នន័យ។ ប្រសិនគ្រប់យ៉ាងដំណើរការល្អប្រសើរ នៅក្រោយការបូកសរុបទិន្នន័យរួចរាល់ យើងនឹងអាចបញ្ជូនសំណើទៅកាន់ ប្រទេសផ្សេងៗ ដើម្បីសុំការអនុម័តឲ្យប្រើវ៉ាក់សាំង (បង្ការ COVID-19) ទៅលើក្មេងៗតាមអាយុដែលបានកំណត់»។
គួរបញ្ជាក់ថា កាលពីដើមខែមេសានេះ ក្រុមហ៊ុន BioNTech និង Pfizer បានដាក់សំណើមួយរួចហើយទៅកាន់ អាជ្ញាធរត្រួតពិនិត្យចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីសុំការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 លើក្មេងៗអាយុចាប់ពី ១២-១៥ឆ្នាំ ក្រោយការធ្វើតេស្តវ៉ាក់សាំងនេះ បានបង្ហាញប្រសិទ្ធភាពរហូតដល់ ១០០%។ យ៉ាងណាក៏ដោយបើតាមលោក Ugur Sahin លទ្ធផលដំបូងនៃធ្វើតេស្តវ៉ាក់សាំងលើទារកអាយុចាប់ពី ៦ខែ នឹងត្រូវចេញនៅខែកញ្ញា ខណៈលទ្ធផលតេស្តលើក្មេងអាយុពី ៥-១២ឆ្នាំនឹងត្រូវចេញនៅខែកក្កដា៕