(ប៉េកាំង)៖ នៅវេលាម៉ោង១១៖២៣នាទីព្រឹក ថ្ងៃទី២៩ ខែមេសានេះ យានអវកាស Tianhe ដែលជាបន្ទប់ស្នូលនៃស្ថានីយអវកាសចិន ត្រូវបានបាញ់បង្ហោះទៅក្នុងលំហអវកាស ហើយបានចូលគន្លងតារាវិថីតាមការគ្រោងទុក ជាការបញ្ជាក់ថា ភារកិច្ចបាញ់បង្ហោះទទួលបានភាពជោគជ័យ។
លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានកណៈកម្មាការយោធាមជ្ឈិមចិន បានផ្ញើសារអបអរសាទ ដោយតាងនាមមជ្ឈិមបក្សកុម្មុយនិស្ត ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងគណៈកម្មាធិការមជ្ឈិមយោធាចិនសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងការសួរសុខទុក្ខយ៉ាងស្មោះ ចំពោះអគ្គបញ្ជាការដ្ឋាននៃភារកិច្ចហោះហើរជាដំណាក់កាល នៃស្ថានីយអវកាសនៃវិស្វកម្មអវកាសដឹកមនុស្ស ព្រមនិងស្ថាប័ននិងសមមិត្តទាំងអស់ ដែលបានចូលរួមភារកិច្ចបាញ់បង្ហោះយានអវកាស Tianhe ។
លោក ស៊ី ជីនភីង បានថ្លែងក្នុងលិខិតអបអរថា៖ ការបង្កើតស្ថានីយអវកាស កសាងបន្ទប់ពិសោធន៍អវកាសជាតិ ជាគោលដៅសំខាន់នៃយុទ្ធសាស្ត្រ «បីជំហាន» នៃវិស្វកម្មអវកាសដឹកមនុស្សរបស់ប្រទេសចិន ជាវិស្វកម្មមានលក្ខណៈនាំមុខដ៏សំខាន់ នៃការកសាងប្រទេសខ្លាំងក្លាខាងវិស័យបច្ចេកវិទ្យា និងអវកាស។ ការបង្ហោះដោយជោគជ័យនៃបន្ទប់ស្នូល Tianhe ជានិមិត្តសញ្ញាបញ្ជាក់ថា ការកសាងស្ថានីយអវកាសចិន បានឈានចូលក្នុងដំណាក់កាលអនុវត្ត ដោយគ្រប់ជ្រុងជ្រោយ វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការអនុវត្តភារកិច្ចជាបន្តបន្ទាប់។ សង្ឃឹមថាសមមិត្តទាំងឡាយបន្តផ្សព្វផ្សាយស្មារតី «គ្រាប់បរមាណូ ២ និងផ្កាយរណប ១» និងស្មារតីអវកាសដឹកមនុស្ស ខិតខំតស៊ូដោយឯករាជ្យម្ចាស់ការ បន្តធ្វើការច្នៃប្រឌិតថ្មីថែមទៀត ដើម្បីទទួលបានជោគជ័យទាំងស្រុង នៃការកសាងស្ថានីយអវកាស ក្នុងន័យរួមចំណែកកាន់តែច្រើនថែមទៀត ក្នុងការកសាងប្រទេសសង្គមនិយមទំនើប។
លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញទៅទស្សនាការបាញ់បង្ហោះ នៅមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ ក្នុងលំហអវកាសក្រុងប៉េកាំង។ លោក ចាង យូសៀ អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអានសារលិខិតអបអរសាទររបស់លោក ស៊ី ជីនភីង នៅកន្លែងបាញ់បង្ហោះយានអវកាសវឹនឆាង ខេត្តហៃណាន។
ស្ថានីយអវកាសចិន ជាស្ថានីយអវកាសផ្ទុកមនុស្ស ដែលប្រទេសចិនបានកសាង និងដំណើរការដោយឯករាជ្យម្ចាស់ការ វាចាត់តាំងឡើងដោយបន្ទប់ចំនួន៣ គឺបន្ទប់ស្នូល Tianhe បន្ទប់ពិសោធន៍ Tianwen និងបន្ទប់ពិសោធន៍ Mengtian។ បន្ទប់ស្នូល Tianhe ជាមជ្ឈមណ្ឌលបញ្ជានិងគ្រប់គ្រងនៃស្ថានីយអវកាស ហើយក៏ជាបន្ទប់អវកាសទីមួយ ដែលត្រូវបានបាញ់បង្ហោះចូលគន្លងតារាវិថីផងដែរ។
តាមការគ្រោងទុក ស្ថានីយអវកាសនឹងសម្រេចការផ្គុំគ្នាក្នុងគន្លងតារាវិថី នៅឆ្នាំ២០២២ ដែលមានសមត្ថភាពធ្វើការងារពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ដែលមានមនុស្សចូលរួមក្នុងលំហអវកាសនៅជិតភពផែនដី ក៏ដូចជាការពិសោធន៍ខាងបច្ចេកវិទ្យានិងការអភិវឌ្ឍ និងប្រើប្រាស់លំហអវកាសដោយចម្រុះ ក្នុងរយៈពេលយូរ ពោលគឺនឹងឈានចូលដំណាក់កាល ប្រើប្រាស់ជាក់ស្តែងនិងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា បន្ទប់ស្នូល Tianhe មានប្រវែងសរុប ១៦.៦ ម៉ែត្រ អង្កត់ផ្ចិតធំបំផុត ៤.២ម៉ែត្រ និងទម្ងន់ ២២.៥តោន ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងរបស់ស្ថានីយអវកាសចិន នាពេលអនាគត អាចឱ្យអវកាសយានិកចំនួន ៣ នាក់ប្រចាំការក្នុងរយៈពេលយូរ និងគាំទ្រដល់ប្រតិបត្តិការខាងពិសោធន៍វិទ្យាសាស្ត្រអវកាស និងបច្ចេកវិទ្យាទាំងលំហខាងក្នុងនិងខាងក្រៅបន្ទប់។ បន្ទប់នេះចែកជាកន្លែងធ្វើការ កន្លែងគេង កន្លែងអនាម័យ កន្លែងបរិភោគអាហារ កន្លែងត្រួតពិនិត្យខាងវេជ្ជសាស្ត្រ និងធានារ៉ាប់រងសុខភាពនិងកន្លែងហាត់ប្រាណ អាចផ្តល់នូវលក្ខខណ្ឌធានាប្រកបដោយផាសុកភាពដ៏ល្អប្រសើរ សម្រាប់ការងារនិងជីវភាពរបស់អវកាសយានិក។
បច្ចុប្បន្ននេះ ស្ថានីយអវកាសអន្តរជាតិ ជាវេទិកាអវកាសធំបំផុត ដែលកំពុងប្រតិបត្តិការនៅក្នុងគន្លងតារាវិថី ដែលសហការកសាងដោយប្រទេសចំនួន១៦ ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី កាណាដា និងជប៉ុនជាដើម ត្រូវបានប្រើអស់រយៈពេល១២ឆ្នាំ ក្នុងទម្ងន់ប្រហែល ៤២៣តោន។ យោងតាមផែនការ ស្ថានីយអវកាសចិនមានអាយុកាលប្រហែល១៥ឆ្នាំ។ ដើម្បីប្រតិបត្តិការបានយូរអង្វែង ចិននឹងកែច្នៃនិងប្រើប្រាស់សមា្ភរៈស្ថានីយ៍អវកាសនេះឡើងវិញទៅតាមលទ្ធភាព៕