(ញូដេលី)៖ ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី ៨ ហើយដែលប្រទេសឥណ្ឌាបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ខ្ទង់ ៣សែននាក់ក្នុងមួយថ្ងៃបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់លើស ១៨លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសសរុប ៣៧៩,២៥៧នាក់ទៀត ត្រូវបានរាយការណ៍ (ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត) ខណៈអ្នកជំងឺរហូតដល់ ៣,៦៤៥នាក់បានស្លាប់ (ក៏ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតផងដែរ)។ ពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ ២០៤,៨៣២នាក់, ជាង ១៥លាននាក់ជាសះស្បើយឡើងវិញ និងជាង ៣លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះការអំពាវនាវពីអង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុកជាច្រើន ឲ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូល ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 រដ្ឋាភិបាលទីក្រុងញូដេលី ហាក់មិនអាចធ្វើតាមបាននោះឡើយ។ យ៉ាងណាក៏ដោយ មានតែរដ្ឋធានីញូដេលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ហើយវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី០៣ ខែឧសភា។

ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ ទើបតែសម្រេចបាន ១៥០លានដូសប៉ុណ្ណោះ គិតចាប់តាំងពីចុងខែមករា ឆ្នាំ២០២១ ដែលយុទ្ធនាការចាក់ត្រូវបានចាប់ផ្តើម។

ប្រទេសធំៗដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបជាដើម សុទ្ធតែបាននិងកំពុងដឹកនាំជំនួយ ដើម្បីជួយសម្រាលវិបត្តិ COVID-19 ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ប៉ុន្តែស្ថានការណ៍ជារួម ហាក់មិនទាន់មានសញ្ញាបង្ហាញថា អាចគ្រប់គ្រងបានឡើយ ជាពិសេសគឺការខ្វះខាតមន្ទីរពេទ្យ អុកស៊ីសែនសង្គ្រោះជីវិត និងគ្រឿងបរិក្ខាពេទ្យចាំបាច់ជាច្រើនទៀត៕