(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងសារនៅចំពោះមុខសភាជាលើកដំបូង ក្រោយឡើងកាន់អំណាចបាន ១០០ថ្ងៃ ហើយលោកបានយកឱកាសនោះ ស្នើសុំថវិកាខ្ទង់ទី្រលានដុល្លារ ដែលលោកអះអាងថាជារឿងចាំបាច់ ដើម្បីអាចឲ្យអាមេរិកប្រកួតប្រជែងជាមួយចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

កំលុងការថ្លែងសារនៅក្នុងសភាអាមេរិក លោក ចូ បៃដិន បានលើកហេតុផលថា គម្រោងនៃការចំណាយសរុបប្រហែល ៤ទ្រីលានដុល្លារ គឺត្រូវការជាចាំបាច់ ដើម្បីអាចរក្សាការប្រកួតប្រជែងបានជាមួយប្រទេសចិន ដែលរដ្ឋបាលលោកមើលឃើញថា ជាគូប្រកួតយុទ្ធសាស្រ្តដ៏ធំបំផុតមួយ។ លោក បៃដិន បានសង្កត់ធ្ងន់ថា ចិនកំពុងតែបោះពួយយ៉ាងប្រកៀកខ្លាំងណាស់ ហើយថែមទាំងបានអះអាងថា លោក ស៉ី ជីនពីង មានបំណងប្រាកដប្រជាមែនទែន ក្នុងការប្រែក្លាយប្រទេសចិន ឲ្យទៅជាប្រទេសដែលអស្ចារ្យ និងមានឥទ្ធិពលបំផុតលើលោក។

គួរបញ្ជាក់ថា ក្នុងឱកាសនៃការថ្លែងសារខាងលើ លោក ចូ បៃដិន បានបង្ហាញពីឆន្ទៈ ក្នុងការពិភាក្សាជាមួយសមាជិកសភានៃគណបក្ស នយោបាយអាមេរិកទាំងពីរ គឺបក្សប្រជាធិបតេយ្យនិងបក្សសាធារណៈ ដើម្បីស្វែងរកការឯកភាពគ្នា ដោយលោកនឹងត្រូវជួបថ្នាក់ដឹកនាំសភានៃគណបក្សទាំងពីរ នៅឯសេតវិមាននៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ៕