(តូក្យូ)៖ នៅថ្ងៃពុធនេះសភាជាន់ខ្ពស់ជប៉ុនបានអនុម័ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក RCEP ដែលរួមមានទាំងចិន និងអាស៊ាន នៅក្នុងនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

កាលពីដើមខែនេះ សភាជាន់ទាបជប៉ុន បានផ្តល់ការយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ហៅកាត់ថា RCEP នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ត្រូវបានចុះហត្ថលេខាដោយ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ និងប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាន នៅក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័ន ដោយសមាជិកចំនួន០៦បស់អាស៊ាន និងដោយប្រទេស០៣ទៀត ដែលមិនមែនអាស៊ាន។ គិតត្រឹមថ្ងៃពុធនេះ ចិន សិង្ហបុរី និងថៃ បានបញ្ចប់ជាស្ថាពរនូវនិតិវិធីនៃការផ្តល់សច្ចាប័ន។ ក្រោយចូលជាធរមាន RCEP នឹងលុបបំបាត់ពន្ធលើទំនិញអាចដល់៩០ភាគរយ ដែលធ្វើពាណិជ្ជកម្មរវាងប្រទេសហត្ថលេខីទាំងឡាយ ក្នុងអំឡុងពេល២០ឆ្នាំទៅមុខ។ មិនតែប៉ុណ្ណោះ វាក៏នឹងបង្កើតស្តង់ដារួម សម្រាប់ការវិនិយោគ និងកម្មសិទ្ធិបញ្ញាផងដែរ ដើម្បីលើកកម្ពស់ ការធ្វើពាណិជ្ជកម្មដោយសេរី រវាងប្រទេសហត្ថលេខី។

គួរបញ្ជាក់ថា ប្រទេសទាំង១៥ នៅក្នុងកិច្ចព្រមព្រៀង RCEP មានប្រជាជនគិតបញ្ចូលគ្នាសរុបចំនួនដល់ទៅ ២.២៧ពាន់លាននាក់ ហើយ មាន GDP សរុប២៦ទ្រីលានដុល្លារអាមេរិក និងទំហំនៃការនាំចូលសរុប៥.២ទ្រីលានដុល្លារអាមេរិក៕