(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ប្រឆាំងនឹងជំងឺ COVID-19 ដើម្បីព្យាយាមលើកទឹកចិត្តឲ្យមនុស្ស ទៅទទួលការចាក់វ៉ាក់សាំងឲ្យកាន់តែច្រើនថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

លោក Yoon Tae-ho មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសថា ចាប់ពីថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ អ្នករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចាក់វ៉ាក់សាំង COVID-19 គ្រប់០២ដូសពេញលេញ នឹងពុំចាំបាច់ត្រូវធ្វើចត្តាឡីស័ក រយៈពេល០២សប្តាហ៍នេះឡើយ។ ជាធម្មតា បុគ្គលដែលជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លង COVID-19 និងបុគ្គលដែលត្រឡប់មកពីក្រៅប្រទេស តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល០២សប្តាហ៍ នៅកូរ៉េខាងត្បូង។

យ៉ាងណាមិញ ការលើកលែងខាងលើ គឺសម្រាប់តែអ្នកដែលធ្វើតេស្តហើយ ចេញលទ្ធផលអវិជ្ជមាន និងអ្នកដែលមិនមានរោគសញ្ញាសង្ស័យប៉ុណ្ណោះ។ មួយវិញទៀត អ្នកដែលត្រឡប់មកពីប្រទេសដូចជា អាហ្វ្រិកខាងត្បូង និងប្រេស៉ីល ដែលវីរុសបំប្លែងថ្មីវាយលុកខ្លាំង និងអ្នកដែលត្រូវបានចាក់វ៉ាក់សាំងនៅប្រទេសដទៃ ក៏មិនទទួលបានការលើកលែងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កូរ៉េខាងត្បូងចាក់វ៉ាក់សាំង COVID-19 ឲ្យប្រជាជនបានត្រឹម០៤ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប៥២លាននាក់ ប៉ុន្តែបានកំណត់គោលដៅធំថា នឹងចាក់ឲ្យបានដល់៧០ភាគរយ នៅត្រឹមខែកញ្ញា ព្រមទាំងសម្រេចឲ្យបានប្រព័ន្ធភាពស៊ាំជាសហគមន៍ នៅត្រឹមខែវិច្ឆិកា៕