(កង់បេរ៉ា)៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់អូស្រ្តាលី លោក ប្រេនដាន មើហ្វី (Brendan Murphy) នៅថ្ងៃពុធនេះបានឱ្យដឹងថា អូស្តា្រលីនឹងទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក ណូវ៉ាវ៉ាកស៍ (Novavax) នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

បើតាមលោក Brendan Murphy រដ្ឋាភិបាលអូស្ត្រាលីបានព្រមព្រៀងទិញវ៉ាក់សាំង Novavax ចំនួន ៥១លានដូស ខណៈវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិកមួយនេះ មិនទាន់ត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ ដោយអាជ្ញាធរនិយ័តករអូស្ត្រាលីនៅឡើយទេ តែអូស្ត្រាលីបានបញ្ជាទិញទុកជាមុន។

វ៉ាក់សាំងក្រុមហ៊ុន Novavax កំពុងស្ថិតនៅក្នុងការធ្វើតេស្ដលើមនុស្ស ដំណាក់កាលចុងក្រោយ ហើយត្រូវបានគេរាយការណ៍ថា កំពុងត្រៀមដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ ក្នុងករណីបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមេសានេះ វ៉ាក់សាំង COVID-19 ចំនួន ១.៧៩លានដូសហើយ ត្រូវបានដាក់ប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ ប្រទេសអូស្ត្រាលីចាប់តាំងពីឆ្នាំ២០២០ មកត្រូវបានគេមើលឃើញថា បាននិងកំពុងគ្រប់គ្រងស្ថានការណ៍ COVID-19 យ៉ាងយកចិត្តទុកដាក់ខ្ពស់់ ដោយគិតត្រឹមថ្ងៃពុធនេះមានអ្នកឆ្លងសរុប ២៩,៧៤៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩១០នាក់ និងជាសះស្បើយឡើងវិញ ២៨,៥៥៨នាក់៕