(វ៉ាស៊ីនតោន)៖ នាវាល្បាតមួយគ្រឿងនៃកងនាវាអាមេរិកបានបាញ់ព្រមានដាក់ទូកល្បឿនលឿនរបស់អ៉ីរ៉ង់ជាច្រើនគ្រឿង នៅក្នុងដែនទឹកអន្តរជាតិនៃតំបន់ឈូងសមុទ្រ ពែក្ស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ នៅពេលដែលទូកល្បឿនលឿនប្រដាប់ដោយអាវុធចំនួន៣គ្រឿងរបស់អ៉ីរ៉ង់បានចូលមកក្បែរ ដោយស្ថិតនៅចម្ងាយប្រហែល ៦២ម៉ែត្រពីនាវាល្បាត USS Firebolt និងទូកល្បាតអាមេរិកមួយគ្រឿងទៀត។ កងនាវាអាមេរិកបានចាត់ទុកថានេះជាសកម្មភាព គ្មានវិជ្ជាជីវៈនិងគ្មានបំណងច្បាស់លាស់ដែលហេតុជំរុញឱ្យនាវាល្បាតអាមេរិកបាញ់ព្រមានឱ្យទូកអ៉ីរ៉ង់ទាំងនេះចេញឱ្យឆ្ងាយ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នេះជាលើកដំបូងហើយដែលកងនាវាអាមេរិកបាញ់ព្រមានដាក់កងនាវាអ៉ីរ៉ង់ក្នុងរយៈពេលជិត ៤ឆ្នាំមកនេះ។ ហេតុការណ៍ នេះកើតឡើងចំពេលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងកិច្ចចរចាដោយប្រយោលសំដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ បន្ទាប់ពីត្រូវបាន លោក ដូណាល់ ត្រាំ ដកខ្លួនចេញកាលពីឆ្នាំ២០១៨៕