(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា វីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ១៧ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

បើតាមអង្គការ WHO វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឬគេស្គាល់ថា B1617 គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានគេរកឃើញជាលំដាប់ជាង ១,២០០ករណី ដែលបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបើកចំហ GISAID មកពីប្រទេសយ៉ាងហោចណាស់ចំនួន ១៧។

WHO បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួន ស្តីពីវីរុសឆ្លងរាតត្បាតនោះថា ករណីភាគច្រើនបានពាក់ព័ន្ធនឹងប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី។ នាពេលថ្មីៗនេះ WHO បានចុះបញ្ជីវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B1617 ជា «វីរុសបំប្លែងខ្លួនដែលត្រូវផ្តោតចំណាប់អារម្មណ៍»។ ប៉ុន្តែរហូតមកទល់ពេលនេះ វាបានវិវឌ្ឍទៅជា «វីរុសបំប្លែងខ្លួនថ្មី ដែលបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង»។ ប្រការនេះមានន័យថា B1617 ពិតជាមានគ្រោះថ្នាក់ជាងវីរុសដើម ដូចជាអាចមានសមត្ថភាពចម្លងបានលឿន អាចបណ្ដាលឱ្យស្លាប់ ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងបាន។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងប្រឈមនឹងករណីឆ្លង និងស្លាប់ថ្មីៗជាច្រើន លើសប្រទេសនានាក្នុងពិភពលោក ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវ COVID-19 នេះ ហើយការភ័យខ្លាចកំពុងកើនឡើងដែលថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចរួមចំណែកដល់មហន្តរាយ ដែលកំពុងកើតឡើង។ ប្រទេសឥណ្ឌានៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់ត្រាករណីឆ្លងថ្មីៗលើស ៣០០,០០០ករណីតែឯង ដែលបានជំរុញឱ្យករណីឆ្លងសរុប នៅទូទាំងពិភពលោកកើនឡើងដល់ជាង ១៤៧លាននាក់ និងស្លាប់ ៣.១លាននាក់៕