(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃអង្គារ ទី២៧ ខែមេសានេះថា ប្រទេសហ្វីលីពីននឹងហាមឃាត់ការធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីការពារការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩ ដែលត្រូវបាននិងកំពុងញាំញីប្រទេសអាស៊ីខាងត្បូងមួយនេះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរមកពីប្រទេសឥណ្ឌា ឬអ្នកដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសនោះក្នុងរយៈពេល១៤ ថ្ងៃមុនពេលការមកដល់ នឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីនឡើយ ដោយអនុវត្តចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១៤ ខែឧសភា។

គួរបញ្ជាក់ថា មានប្រទេសជាច្រើនទាំងក្នុង និងក្រៅកំពុងចាប់ផ្តើមវិធានការហាមឃាត់ការធ្វើដំណើរមកពីប្រទេសឥណ្ឌា។ ថ្បិតថាប្រទេសដែលមានប្រជាជនច្រើនជាងគេទី២ លើលោកមួយនេះ កំពុងញាំញីយ៉ាងខ្លាំងដោយសារវីរុសបំប្លែងខ្លួនថ្មី ដោយក្នុងមួយថ្ងៃៗ រកឃើញអ្នកឆ្លងថ្មីរាប់សែនករណី និងស្លាប់រាប់ពាន់នាក់៕