(វ៉ាស៊ីនតោន)៖ សេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកនឹងចែករំលែកវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូសទៅកាន់ បណ្ដាប្រទេសដទៃ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី (Jen Psaki) សហរដ្ឋអាមេរិកនឹងបញ្ចេញវ៉ាក់សាំង ទាំងនេះនៅក្រោយទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បញ្ចប់ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព។

វ៉ាក់សាំង AstraZeneca មិនទាន់ត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកឡើយ ប៉ុន្តែរដ្ឋបាលលោក ចូ បៃដិនត្រូវបានគេរាយការណ៍កាលពី ដើមខែមេសានេះថាបានស្ដុកទុកវ៉ាក់សាំងអង់គ្លេសមួយនេះច្រើនជាង ២០លានដូស នៃវ៉ាក់សាំងសរុបចន្លោះពី៨០ ដល់៩០លានដូសដែលកំពុងស្ថិតនៅក្នុងដំណាក់កាលផលិតតាមការបញ្ជាទិញរបស់អាមេរិក។

មានសំណួរជាច្រើននៅតែបន្តចោទសួរថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិកស្ដុកទុកវ៉ាក់សាំងមិនប្រើប្រាស់ និងលើសពីតម្រូវការ? លោក បៃដិនដែលធ្លាប់សន្យា ថានឹងស្ដារភាពជាមេដឹកនាំប្រកបដោយសីលធម៌របស់អាមេរិកឡើងវិញ បានបង្ហើបកាលពីសប្ដាហ៍មុនថាអាមេរិកអាចនឹងចែករំលែកវ៉ាក់សាំងជាមួយពិភពលោក តែលោកនៅតែស្ទាក់ស្ទើរ ដ្បិតត្រូវបំពេញតម្រូវការនៅក្នុងស្រុកជាមុនសិន ដោយដើរតាមគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាមុនរបស់លោក ដូណាល់ ត្រាំ។

យ៉ាងណាក៏ដោយ នៅក្នុងសប្ដាហ៍នេះរដ្ឋបាលលោក បៃដិនហាក់ដូចជាទទួលបានការធានាមួយ បន្ទាប់ពីវ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ និងផលិតឡើងវិញដែលនេះធ្វើឱ្យអាមេរិកអាចនឹងមានវ៉ាក់សាំងគ្រប់គ្រាន់បន្ថែមពីលើវ៉ាក់សាំង Pfizer និងក្រុមហ៊ុន Moderna សម្រាប់ចាក់ជូនប្រជាជនខ្លួន។ ជាក់ស្ដែងថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី ជែន សាគី (Jen Psaki) បានអះអាងថាការសម្រេចចិត្តចែករំលែកវ៉ាក់សំាង ជាមួយបណ្ដាប្រទេសដទៃនឹងមិនបង្កការរំខានដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងស្រុកឡើយ។ «យើងមិនត្រូវការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹង COVID-19 របស់យើងឡើយ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី ជែន សាគី។

បើតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC សហរដ្ឋអាមេរិកមកទល់ពេលនេះបានចាក់វ៉ាក់សាំង ២៣០លានដូសរបស់ក្រុមហ៊ុន Pfizer-BioNTech, Moderna និងក្រុមហ៊ុន Johnson & Johnson ខណៈប្រជាជនអាមេរិកជិត ៥៤ភាគរយដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទទួលបាន ការចាក់វ៉ាក់សាំងដូសទី១។

*ចែករំលែកវ៉ាក់សាំង

រដ្ឋបាលលោក ចូ បៃដិនធ្លាប់បានផ្ដល់វ៉ាក់សាំង AstraZeneca ៤.២លានដូសក្រោមរូបភាពជាកម្ចីដល់ប្រទេសម៉ិកស៊ីកូ និងកាណាដា ហើយដែលនេះជាវ៉ាកសាំង ដែលអាមេរិកបានចែករំលែកមកទល់នឹងពេលនេះ។ វ៉ាក់សាំង AstraZeneca មិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកទេ តែវាត្រូវបានផលិត រាប់លានដូសក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាមេរិក។ បើតាមសេតវិមាន វ៉ាក់សាំង AstraZeneca ចំនួន១០លានដូសត្រូវបានផលិតរួចរាល់ ហើយអាចនឹងត្រូវ នាំចេញនៅប៉ុន្មានសប្ដាហ៍ខាងមុខ បើសិនជាទទួលបានការអនុញ្ញាតពី FDA ខណៈវ៉ាក់សាំង ៥០លានដូសទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលផលិតនៅឡើយ និងអាច រួចរាល់សម្រាប់ការនាំចេញនៅខែឧសភា ឬខែមិថុនា។

មិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយថាតើនៅពេលណា ឬប្រទេសណាខ្លះនឹងទទួលបានវ៉ាក់សាំង AstraZeneca ពីសហរដ្ឋអាមេរិក ឬក៏តាមយន្ដការ COVAX របស់អង្គការសុខភាពពិភពលោក ដែរឬក៏យ៉ាងណានោះទេ។ តាមការពិតទៅខណៈដែលចិន និងរុស្ស៊ីកំពុងប្រើប្រាស់វ៉ាក់សាំងជាអាវុធការទូត និងភូមិសាស្ត្រនយោបាយ ពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការចែកវ៉ាក់សាំងដល់បណ្ដាប្រទេសដទៃ សហរដ្ឋអាមេរិកក៏ចង់ធ្វើបែបនេះដែរ តែមិនទាន់អាចធ្វើបានពីព្រោះរដ្ឋបាលលោក បៃដិន ត្រូវបង្ខំចិត្តបំពេញតម្រូវការ និងសាធារណៈមតិនៅក្នុងស្រុកជាមុនសិន ចៀសវាងការធ្លាក់ប្រជាប្រិយភាព ឬការរិះគន់។

ថ្វីបើសហរដ្ឋអាមេរិកមិនទាន់បានបញ្ចេញវ៉ាក់សាំងជួយពិភពលោក តែលោក បៃដិនបានផ្ដល់កញ្ចប់ថវិកាដល់ ៤ពាន់លានដុល្លារដល់កម្មវិធី COVAX របស់អង្គការ WHO ហើយបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចំនួន០៣ទៀត ដែលជាសមាជិកនៃក្រុមប្រទេសក្វាដ (Quad) ដើម្បីផលិតវ៉ាក់សាំងចំនួន ១ពាន់លានដូស នៅក្នុងប្រទេសឥណ្ឌានៅមុនដំណាច់ឆ្នាំ២០២២ សំដៅជួយសង្រ្គោះពិភពលោកពី COVID-19។

លោក បៃដិនធ្លាប់បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ឬហៅក្វាដ (Quad)ថាវ៉ាក់សាំងនឹងត្រូវចែករំលែកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកដើម្បីប្រជែងជាមួយវ៉ាក់សាំងការទូតរបស់ចិន។

*វិបត្តិ COVID-19 នៅឥណ្ឌា

ការសម្រេចចិត្តចែករំលែកវ៉ាក់សាំងជាមួយបណ្ដាប្រទេសដទៃរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិកកំពុងទទួលរងសម្ពាធ និងការអំពាវនាវជាច្រើនឱ្យបញ្ចេញវ៉ាក់សាំងជួយដល់បណ្ដាប្រទេសដទៃ ជាពិសេសគឺឥណ្ឌាដែលកំពុងប្រឈមមុខនឹងការឆ្លង និងស្លាប់ដោយសារ COVID-19 យ៉ាងគំហុករហូតដល់ធ្វើឱ្យអ្នកជំនាញខ្លះព្រួយបារម្ភខ្លាចក្រែងថាប្រព័ន្ធសុខាភិបាលឥណ្ឌាអាចនឹងដួលរលំបើករណីឆ្លងនៅតែបន្តកើនឡើង។

បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានសន្យាថានឹងធ្វើការ យ៉ាងជិតស្និទជាមួយគ្នាក្នុងការប្រយុទ្ធនឹង COVID-19 ហើយលោក បៃដិនផ្ទាល់ក៏បានសន្យាដែរថានឹងបន្តផ្ដល់ជំនួយគាំទ្រដល់ប្រជាជនឥណ្ឌា។ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងបញ្ជូនវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំងទៅកាន់ប្រទេសឥណ្ឌា ក៏ដូចជួយប្រទេសអាស៊ីខាងត្បូងមួយនេះបង្កើនការផលិត វ៉ាក់សាំងបន្ថែម។ ចំណែកឯ អុកស៊ីសែន, ឧបករណ៍ធ្វើតេស្ដរហ័ស, សម្ភារការពារ និងថ្នាំ remdesivir សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ព្រមទាំងអ្នកជំនាញ មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក ក៏នឹងត្រូវបញ្ជូនឱ្យទៅជួយអាជ្ញាធរសុខាភិបាលឥណ្ឌាផងដែរ។

ក្រុមអ្នកជំនាញយល់ថារដ្ឋបាលលោក បៃដិនអាចនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ទៅកាន់ប្រទេសឥណ្ឌា តែជាមធ្យោបាយល្អមួយដើម្បីចៀសវាងការរិះគន់ និងសម្ពាធ ពីប្រទេសដទៃដែលអាចថាអាមេរិកជួយតែឥណ្ឌា ឬក៏បង្វែរវ៉ាក់សាំងទៅបណ្ដាប្រទេសផ្សេង ទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្ដោតជាសំខាន់លើការផ្គង់ផ្គង់បរិក្ខាពេទ្យចាំបាច់ ឬបញ្ជូនវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំង AstraZeneca ទៅកាន់ប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci នៅថ្ងៃចន្ទសប្ដាហ៍នេះបានបញ្ជាក់រួចហើយថាអី្វៗគ្រប់យ៉ាងគឺត្រៀមនៅលើតុជាស្រេច សម្រាប់ពិភាក្សា។ លោក Fauci លើកឡើងបែបនេះជាការឆ្លើយតបទៅនឹងសំណួរដែលសួរថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនព្រមបញ្ចេញវ៉ាក់សាំង AstraZeneca ដែលស្ដុកទុកចែករំលែកដល់បណ្ដាប្រទេសទៃក្នុងនោះរួមមានទាំងឥណ្ឌា។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តបញ្ចេញវ៉ាក់សាំងជួយប្រទេសដទៃរបស់សហរដ្ឋអាមេរិក គឺជាកាយវិការគួរឱ្យស្វាគមន៍ ហើយវាក៏ឆ្លុះបញ្ចំងផងដែរពីជំនឿចិត្តរបស់លោក បៃដិនថាការឆ្លងរាតត្បាត COVID-19 នឹងមិនត្រូវបានបញ្ចប់ឡើយ រហូតទាល់តែ អាមេរិកផ្ដល់ជំនួយដល់ប្រទេសដទៃ៕

ប្រភព៖ Bloomberg (ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១)