(ពិភពលោក)៖ ការចំណាយលើវិស័យយោធា នៅទូទាំងពិភពលោក បានកើនឡើងជិត២លានលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ទោះបីជាសេដ្ឋកិច្ចពិភពលោក បានរងផលប៉ះពាល់ដោយសារជំងឺ COVID-19 ក៏ដោយ, នេះបើតាមការបញ្ជាក់ពីក្រុមអ្នកស្រាវជ្រាវ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

ការចំណាយលើវិស័យយោធាជាសាកល បានកើនឡើង២,៦ភាគរយ រហូតដល់១.៩៨១លានលានដុល្លារ ក្នុងឆ្នាំ២០២០, នៅពេលដែល GDP សាកល បានធ្លាក់ចុះ៤,៤ភាគរយ។ នេះបើយោងតាមរបាយការណ៍មួយ មកពីវិទ្យាស្ថានស្រាវជ្រាវ Stockholm International Peace Research Institute។

អ្នកស្រាវជ្រាវ Diego Lopes da Silva បានប្រាប់សារព័ត៌មាន AFP ថា «ដោយសារតែការរីករាលដាល នៃមេរោគ, មានអ្នកយល់ថា ការចំណាយលើយោធា នឹងមានការធ្លាក់ចុះ, ប៉ុន្តែគេអាចសន្និដ្ឋានបាន ជាមួយនឹងភាពប្រាកដប្រជាមួយចំនួន ដែលថា COVID-19 មិនមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ លើការចំណាយលើវិស័យយោធាពិភពលោកនោះទេ, យ៉ាងហោចណាស់ នៅក្នុងឆ្នាំ២០២០»

ជាការពិតថា ការចំណាយលើវិស័យយោធា បានបន្តកើនឡើងក្នុងមួយឆ្នាំ ជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច មានន័យថា «បន្ទុកយោធា» ឬចំណែកនៃការចំណាយយោធា ចេញពីផលិតផលក្នុងស្រុកសរុប បានកើនឡើងផងដែរ។

ចំណែកនៃការចំណាយសរុបលើវិស័យយោធា បានកើនឡើងពី២,២ភាគរយ ដល់២,៤ភាគរយ, ជាចំនួនកើនឡើងច្រើនជាងគេបំផុត បើធៀបនឹងឆ្នាំកន្លងទៅ គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៩៕