(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសអាសន្ន ពីរលកនៃការបំបែកកំណត់ត្រាលើករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌាដោយបញ្ជាក់ថា WHO កំពុងប្រញាប់ប្រញាល់ ដើម្បីជួយដោះស្រាយវិបត្តិនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

លោក Tedros បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ខណៈប្រទេសឥណ្ឌា កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកដ៏អាក្រក់នៃជំងឺ COVID-19 ថា «ស្ថានភាពនៅក្នុងប្រទេសឥណ្ឌា គឺលើសពីសោកនាដកម្មទៅទៀត។ ប៉ុន្តែ WHO កំពុងធ្វើអ្វីៗគ្រប់យ៉ាង តាមដែលអាចធ្វើទៅបានហើយ ដោយការផ្តល់ជំនួយនូវឧបករណ៍ និងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗផ្សេងទៀតផងដែរ»

ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យក្រុមគ្រួសារអ្នកជំងឺជាច្រើន ប្រើប្រាស់បណ្តាញសង្គមនានា ដើម្បីសុំជំនួយដូចជា ការផ្គត់ផ្គង់អុកស៊ីសែន និងទីតាំងដែលមានគ្រែពេទ្យ និងបានបង្ខំឱ្យរដ្ឋធានីញូដេលីបន្តការបិទខ្ទប់ រយៈពេល១សប្តាហ៍ទៀត។

លោក Tedros បានគូសបញ្ជាក់ប្រាប់បន្ថែមថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) ក៏ស្ថិតក្នុងចំណោមទីភ្នាក់ងារជាច្រើនទៀត ដែលកំពុងបញ្ជូន «អុកស៊ីសែនរាប់ពាន់បំពង់ មន្ទីរពេទ្យចល័តដែលបានរៀបចំទុកជាមុន និងការផ្គត់ផ្គង់មន្ទីរពិសោធន៍ជាដើម។ រីឯ WHO ក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនជាង ២,៦០០នាក់ ដើម្បីធ្វើការជាមួយអាជ្ញាធរសុខាភិបាលឥណ្ឌា ក្នុងការជួយឆ្លើយតបនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាជនរស់នៅជាង ១.៣ពាន់លាននាក់នេះ បានក្លាយជាចំណុចក្តៅចុងក្រោយបំផុត នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ COVID-19 ដែលបានសម្លាប់មនុស្សជាង ៣លាននាក់នៅទូទាំងពិភពលោក។ កាលពីសប្តាហ៍មុននេះ WHO ក៏ធ្លាប់បានណែនាំឥណ្ឌាផងដែរថា ការកាត់បន្ថយការធ្វើដំណើរ និងទប់ស្កាត់ការប្រមូលផ្តុំ គឺជាចំណាត់ការចាំបាច់បំផុតដែលឥណ្ឌាត្រូវតែធ្វើ៕