(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅក្រៅប្រទេស បន្ទាប់ពីមានការរិះគន់ជាច្រើនថារដ្ឋបាលលោក ចូ បៃដិន ប្រមូលទិញ វ៉ាក់សាំងស្ដុកទុក ខណៈបណ្ដាប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

ក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី ស្លាវីត (Andy Slavitt) បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹង បញ្ចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅកាន់បណ្ដាប្រទេសដទៃ នៅពេលដែលវ៉ាក់សាំងទាំងនេះមានគ្រប់គ្រាន់»។ លោក Slavitt មិនបានបញ្ជាក់លម្អិតថាតើ មានវ៉ាក់សាំងចំនួនប៉ុន្មានត្រៀមរួចរាល់សម្រាប់ការនាំចេញ ឬក៏ថាតើវ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅទីណានោះទេ ដោយគ្រាន់តែលោកឱ្យដឹងថាក្នុងពេលបច្ចុប្បន្ន វ៉ាក់សាំងនៅមានចំនួនតិចតួចនៅឡើយ។

តែទោះជាយ៉ាងណា ក្នុងចំណោមវ៉ាក់សាំង AstraZeneca ខាងលើត្រូវបានគេរំពឹងអាចនឹងបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ក្រោយលោក ចូ បៃដិនបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីនៅថ្ងៃចន្ទសប្ដាហ៍នេះ។ នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិនសន្យាថានឹងផ្ដល់ជំនួយសម្រាប់ប្រជាជនឥណ្ឌាដែលកំពុង ប្រឈមមុខនឹងស្ថានការណ៍ដ៏អាក្រក់នៃ COVID-19៕