(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានផាកពិន័យជាប្រាក់ចំនួន ៦,០០០បាត ពីបទមិនបានពាក់ម៉ាសក្នុងពេលប្រជុំជាមួយទីប្រឹក្សាលទ្ធកម្មវ៉ាក់សាំងរបស់លោកនៅព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរក្រុងបាងកកបានដាក់កាតព្វកិច្ចពាក់ម៉ាសលើប្រជាជនគ្រប់រូប ដោយចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍នេះ។ ពួកគេបានបញ្ជាក់ថា ពាក់ម៉ាសគឺចាំបាច់ ទោះបីនៅក្នុងរថយន្តដែលមានមនុស្សជិះត្រឹមម្នាក់ក៏ដោយ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន អភិបាលក្រុងបាងកកលោក Assawin Kwangmuang បានសរសេរថា លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្រ្តីទៅប៉ូលីស នៅរសៀលថ្ងៃចន្ទនេះ។

សាលាក្រុងបានអនុវត្តពាក្យបណ្តឹងទៅជាសកម្មភាពជាក់ស្តែង បន្ទាប់ពីបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុកបានផ្ទុះការរិះគន់លោកនាយករដ្ឋមន្រ្តីកាន់តែខ្លាំង។ នៅក្នុងរូបភាពដែលបានចែកចាយពាលពេញបញ្តាញសង្គម គេឃើញលោក ប្រាយុទ្ធ កំពុងអង្គុយទល់ក្រុមមន្ត្រីនៅក្បាលតុប្រជុំនាវេលាម៉ោងប្រហែល ១១ព្រឹក ដោយមិនមានពាក់ម៉ាស ខណៈពេលដែលអ្នកផ្សេងទៀតពាក់ម៉ាសទាំងអស់គ្នា។

នាពេលរសៀលថ្ងៃដដែលនេះ លោក Asawen Kwangmuang បានសរសេរនៅលើទំព័ររបស់ហ្វេសប៊ុកទៀតថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានស្នើសុំឱ្យលោកពិនិត្យមើលថា តើគាត់បានធ្វើខុសដែរឬទេ។ «ខ្ញុំក៏បានប្រាប់គាត់ថា លោកបានរំលោភសេចក្តីប្រកាសរដ្ឋបាលក្រុងបាងកកដែល តម្រូវឲ្យមនុស្សគ្រប់គ្នានៅទីក្រុងពាក់ម៉ាសគ្រប់ពេលវេលា ទាំងក្នុងនិងក្រៅគេហដ្ឋានរបស់ពួកគេ។ លទ្ធផល នៃការរំលោភបំពាននេះនឹងត្រូវពិន័យរហូតដល់ ២០,០០០បាត ក្រោមផ្នែកទី៥១ នៃច្បាប់គ្រប់គ្រងជំងឺរាតត្បាតឆ្នាំ ២០១៥។

ប៉ុន្តែដោយសារតែនេះជាករណីទី១ អាជ្ញាធរសម្រេចផាកពិន័យក្នុងកម្រិតស្រាលបំផុតដូចដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីការផាកពិន័យ ដែលតម្រូវឲ្យលោក ប្រយុទ្ធ ចាន់អូចា បង់ប្រាក់ពិន័យត្រឹមតែ ៦,០០០បាត។ ដោយឡែកសម្រាប់ករណីទី២ នឹងត្រូវផាកពិន័យ ១២,០០០បាត និងករណីទី៣ និងបន្តបន្ទាប់ទៀតនឹងត្រូវផាកពិន័យ ២០,០០០បាត៕