(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចន្ទនេះបានថ្លែងសាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារនៃនាវិកទាំង ៥៣នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងនាវាមុជទឹកឥណ្ឌូណេស៊ី ក្រោយពីវាត្រូវបានរកឃើញ ក្នុងបាតសមុទ្រនៃកោះបាលី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

យោធាឥណ្ឌូណេស៊ីបានប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា នាវាមុជទឹកមួយគ្រឿងក្នុងចំណោម ០៥គ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី (KRI Nanggala-402) ដែលបានបាត់ដំណឹងតាំងតែពីថ្ងៃពុធនោះ ត្រូវបានរកឃើញក្នុងបាតសមុទ្រនៃកោះបាលី ហើយតួនាវាមុជទឹកមួយនេះ បានបែកបាក់ទៅជាបីបំណែកឯណោះ។ បន្ថែមពីនេះ យោធាបានសន្មត់់ថា នាវិកទាំង ៥៣នាក់នៅក្នុងនោះបានបាត់បង់ជីវិតអស់ទៅហើយ។

នៅក្នុងពិធីថ្លែងសារមួយទៅកាន់ប្រជាជាតិ លោកប្រធានាធិបតី ចូកូ វីដូដូ បានសន្យាថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងទទួលខុសត្រូវ ចំពោះការសិក្សានៃកូនៗរបស់នាវិកទាំង ៥៣នាក់នោះ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកងកម្លាំងជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្ម ជួយស្វែងរកនាវាមុជទឹកខាងលើនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នយោធាឥណ្ឌូណេស៊ីកំពុងតែពិភាក្សាគ្នា ដើម្បីរិះរកវិធីសាស្ត្រស្រង់ខ្មោចនាវាមុជទឹកនោះ ឡើងមកលើគោក៕