(ញូដេលី)៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌា នៅថ្ងៃចន្ទនេះបានចេញបញ្ជា ឱ្យរដ្ឋទាំងអស់នៅទូទាំងប្រទេសត្រូវធានាឱ្យបានថា អុកស៊ីសែននឹងត្រូវបានប្រើប្រាស់សម្រាប់តែ គោលបំណងវេជ្ជសាស្ត្រតែមួយគត់ ហើយក៏បានជំរុញឱ្យបណ្ដាក្រុមហ៊ុន ឬរោងចក្រនានា បង្កើនការផលិតអុកស៊ីសែនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ការចេញបញ្ជា និងការអំពាវនាវខាងលើរបស់រដ្ឋាភិបាលទីក្រុងញូដេលី ធ្វើឡើងនៅចំពេលករណីឆ្លង និងស្លាប់ដោយសារ COVID-19 បានកើនឡើងយ៉ាងគំហុក នារយៈពេលមួយសប្ដាហ៍មកនេះ ដែលធ្វើមន្ទីរពេទ្យជាច្រើនខ្វះខាតអុកស៊ីសែន គ្រែ និងសម្ភារចាំបាច់នានាដើម្បីជួយសង្រ្គោះ និងព្យាបាលអ្នកជំងឺ COVID-19។ ប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ រដ្ឋាភិបាលឥណ្ឌាក៏បានប្រើប្រាស់រថភ្លើង និងការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងការផ្គត់ផ្គង់អុកស៊ីសែន និងបរិក្ខាពេទ្យទៅកាន់តំបន់នានា ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19។

គួរបញ្ជាក់ថា បណ្ដាប្រទេសមួយចំនួនក្នុងរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសិង្ហបុរីជាដើមក៏បានចាប់ផ្ដើមបញ្ជូនជំនួយដល់ឥណ្ឌាដែរ។ ឥណ្ឌានៅព្រឹកថ្ងៃចន្ទនេះ បានរាយការណ៍ពីអ្នកឆ្លង COVID-19 ប្រចាំថ្ងៃចំនួន ៣៥២,៩៩១នាក់ និងស្លាប់ ២,៨១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕