(ហុងកុង)៖ អង្គការសុខភាពពិភពលោក (WHO) នឹងធ្វើការសម្រេចចិត្តជាចុងក្រោយជុំវិញការអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ជាសកលនូវវ៉ាក់សាំង COVID-19របស់ក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac BioTech។ មុនការសម្រេចចិត្តរបស់ WHO ប្រទេសជាច្រើនបានបោះដៃទៅវ៉ាក់សាំងចិនរួចទៅហើយ រីឯចិនខ្លួនឯង ក៏រំពឹងយ៉ាងមុតមាំដែរថាវ៉ាក់សាំងរបស់ខ្លួននឹងត្រូវបានចុះបញ្ជីទទួលស្គាល់ដោយWHO។

ការត្រួតពិនិត្យចុងក្រោយដោយក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការ WHO លើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើង នៅថ្ងៃចន្ទសប្ដាហ៍នេះ រីឯវ៉ាក់សាំង Sinovac នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភាខាងមុខនេះ។ មកទល់នឹងបច្ចុប្បន្ន វ៉ាក់សាំងដែលទទួលបានការអនុម័តពី WHO មានដូចជា វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNtech, Johnson and Johnson និងវ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុនអង់គ្លេស AstraZeneca។ ការត្រួតពិនិត្យចុងក្រោយដោយក្រុមអ្នកជំនាញ WHO ធ្វើឡើងនៅចំពេលពិភពលោកកំពុងធ្លាក់ចូលកាន់តែជ្រៅក្នុងវិបត្តិ COVID-19 ប្រឈមមុខនឹងបញ្ហាកង្វះខាតវ៉ាក់សាំង។

ខណៈរិះគន់ចិនថាមិនបានបញ្ចេញទិន្នន័យគ្រប់គ្រាន់ពីវ៉ាក់សាំង បណ្ដាប្រទេសអ្នកមានលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបាននាំគ្នាប្រមូលទិញវ៉ាក់សាំងស្ដុកទុក សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេក៏បានហាមឃាត់ការនាំចេញវ៉ាក់សាំង ឬវត្ថុធាតុដើមសំខាន់ៗក្នុងការផលិតវ៉ាក់សាំងទៅក្រៅប្រទេសទៀតផង។ សកម្មភាពរឹតត្បិតទាំងនេះ រួមទាំងវិបត្តិ COVID-19 ក្នុងប្រទេសឥណ្ឌាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់យន្ដការ COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោកដែលមាន គោលដៅចែកចាយវ៉ាក់សាំងទៅកាន់បណ្ដាប្រទេសក្រីក្រ។ ឥណ្ឌាជាប្រទេសនាំចេញវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ COVAX ដែរ។ ប៉ុន្តែប្រឈមមុខនឹងករណីឆ្លង និងស្លាប់យ៉ាងគំហុក រដ្ឋាភិបាលទីក្រុងញូដេលីបានសម្រេចចិត្តហាមឃាត់ការនាំចេញវ៉ាក់សាំង និងវត្ថុធាតុដើមនានាទៅក្រៅប្រទេស ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។

លោក យ៉ាងសុង ហួង (Yanzhong Huang) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកសុខាភិបាលមកពីវិទ្យាស្ថាន Council on Foreign Relations ក្នុងទីក្រុងញូយ៉កបាននិយាយថា ការគាំទ្ររបស់ WHO លើវ៉ាក់សាំងចិនអាចនឹងធ្វើឱ្យស្ថាប័នមួយនេះកាន់តែមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងសកល ក៏ដូចជាជួយបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ដល់បណ្ដាប្រទេសក្រីក្រ។ លោក Huang ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅលើយន្ដការ COVAX ដែលមានចិនជាសមាជិកផងនោះ។ បើតាមអ្នកជំនាញរូបនេះ ការអនុញ្ញាតរបស់ WHO អាចនឹងសម្រួលដល់ COVAX ទិញវ៉ាក់សាំងបន្ថែមពីចិនដើម្បីចែកចាយបន្ត។

កាលពីដើមខែមេសានេះ ប្រមុខ WHO លោក Tedros បានសង្កត់ធ្ងន់ថាការខ្វះខាតវ៉ាក់សាំងកំពុងជំរុញឱ្យមានវ៉ាក់សាំងជាតិនិយម ហើយថា WHO និងដៃគូរបស់ខ្លួន នឹងធ្វើការងារលើជម្រើសជាច្រើនដើម្បីបង្កើនការផ្គត់ផ្គង់ ក្នុងនោះរួមមានទាំងការត្រួតពិនិត្យវ៉ាក់សាំងបន្ថែមទៀត មានដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac ជាដើម។ ក្រុមអ្នកជំនាញវ៉ាក់សាំង WHO កាលពីខែមីនាកន្លងទៅបានអះអាងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនចិនទាំង២ ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាពស្របទៅតាមតម្រូវការប្រសិទ្ធភាពដែលបានកំណត់។ វ៉ាក់សាំង Sinopharm ត្រូវបានគេរាយការណ៍ថាមានប្រសិទ្ធភាព ៧៩ភាគរយ រីឯការធ្វើតេស្ដលើមនុស្ស ក្នុងប្រទេសប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីបង្ហាញថាវ៉ាក់សាំង Sinovac មានប្រសិទ្ធភាពចន្លោះពី ៥០.៧ ដល់ ៨៣.៥ភាគរយ។

បើធៀបទៅនឹងវ៉ាក់សាំងអាមេរិក Moderna ឬ Pfizer ដែលមានប្រសិទ្ធភាពច្រើនជាង៩០ភាគរយ វ៉ាក់សាំងចិនមានប្រសិទ្ធភាពទាប តែវ៉ាក់សាំងចិនមានភាពងាយស្រួល ក្នុងការស្ដុកទុកជាងវ៉ាក់សាំងក្រុមហ៊ុនអាមេរិកទាំង២ ដែលត្រូវឱ្យស្ដុកទុកនៅស៊ីតុណ្ហភាព-៧០អង្សាសេឯណោះដែលនេះបង្កការលំបាក និងភាពស្មុគស្មាញបំផុតសម្រាប់ បណ្ដាប្រទេសក្រីក្រ។ ម្យ៉ាងវិញទៀត បើនិយាយពីវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson and Johnson វិញ ទោះបីជាទទួលបាន ការអនុម័តពី WHO ក៏ដោយ ប៉ុន្តែវ៉ាក់សាំងទាំង២នេះត្រូវបានរឹតត្បិតក្នុងប្រើប្រាស់នៅតាមបណ្ដាប្រទេសមួយចំនួនធំ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីបញ្ហា «កំណកឈាម»

ដូច្នេះបើសិនជាវ៉ាក់សាំងចិនបំពេញគ្រប់លក្ខខណ្ឌរបស់ WHO និងអាចចាប់ផ្ដើមផ្គត់ផ្គង់ដល់កម្មវិធី COVAX នោះវាគួរតែត្រូវបានស្វាគមន៍ប្រៀបដូចជាតួអង្គដ៏សំខាន់មួយ។ នេះបើតាមលោក ណ័របា ហ្សីវ (Naor Bar-Zeev) ជានាយករងមជ្ឈមណ្ឌល International Vaccine Access នៃសាកលវិទ្យាល័យ Johns Hopkins។ លោក ណ័របា ហ្សីវ បានបន្ថែមថា៖ «ជាការពិតណាស់ មនុស្សគួរតែត្រូវបានចាក់វ៉ាក់សាំងដើម្បីសម្រេចបានលទ្ធផលល្អជាមួយវ៉ាកសាំងដែលអាចរកបាន ឱ្យបានលឿនបំផុតតាមដែល អាចរកបាន...ដូច្នេះបើសិនជាដំណើរការ ហើយត្រូវបានអនុញ្ញាតដោយ WHO នោះវានឹងក្លាយជាការអនុញ្ញាតដ៏ធំ»

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Airfinity ចិនបាននាំចេញវ៉ាក់សាំង COVID-19 ចំនួន ១១៥លានដូសទៅក្រៅប្រទេស គិតត្រឹមចុងខែមីនាកន្លងទៅ ខណៈប្រទេស និងដែនដីយ៉ាងហោច៧០ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចិនជាបន្ទាន់។ លើសពីនេះទៅទៀត ប្រទេស ឬដែនដីច្រើនជាង១០០ ក៏បានទទួលការគាំទ្រ និងជំនួយពីចិនដូចជា ម៉ាស, ការបញ្ជូនក្រុមគ្រូពេទ្យ និងជំនួយផ្សេងទៀតដើម្បីប្រយុទ្ធឆាំងនឹង COVID-19 ផងដែរ៕

ប្រភព៖ South China Morning Post (ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១)