(សិង្ហបុរី)៖ ថ្មីៗនេះបញ្ញវន្តល្បីឈ្មោះម្នាក់របស់សិង្ហបុរីបាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរតែបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយចិន ដែលផ្តើមឡើងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

លោក គីសរ ម៉ាហ៍ប៊ូបានី (Kishore Mahbubani) មកពីវិទ្យាស្ថានស្រាវជ្រាវអាស៉ី នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ព្រមទាំងជាអតីតមន្រ្តីការទូត និងអតីតតំណាងរបស់ប្រទេសសិង្ហបុរី ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងក្នុងអត្ថបទមួយ ដែលចេញផ្សាយលើសារព័ត៌មាន The Straits Times កាលពីចុងសប្តាហ៍មុនថា សង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ ប្រឆាំងនឹងចិន គឺជាភាពបរាជ័យសុទ្ធសាធ ដោយវាមិនបានជួយអ្នកធ្វើការងារ ឬអតិថិជននៅសហរដ្ឋអាមេរិកឡើយ។

លោក Mahbubani បានបន្តថា សង្រ្គាមពាណិជ្ជកម្មនេះ ពុំបានកាត់បន្ថយឱនភាពពាណិជ្ជកម្ម ឬក៏ជួយអ្វីដល់សេដ្ឋកិច្ចអាមេរិកនោះទេ ហើយការដំឡើងពន្ធ និងទណ្ឌកម្ម មិនត្រឹមតែពុំបានសម្រេចគោលដៅរបស់ពួកវានោះទេ តែថែមទាំងបង្កការប៉ះពាល់ ដល់ផលប្រយោជន៍វែងឆ្ងាយរបស់អាមេរិក នៅតំបន់អាស៉ីខាងកើតទៀតផង។ បើតាមលោក Mahbubani សម្រាប់សហរដ្ឋអាមេរិក ការបន្តធ្វើសង្រ្គាមពាណិជ្ជកម្មនេះ គឺប្រៀបដូចជាការបាញ់កាំភ្លើង ដែលបន្តផ្លាតត្រូវជើងខ្លួនឡើយ។

ជាចុងក្រោយ បញ្ញវន្តសិង្ហបុរីរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋបាលលោក ចូ បៃដិន ចង់បង្កើតគោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្មសំដៅលើចិន ដោយឈរលើមូលដ្ឋានផលប្រយោជន៍របស់អ្នកធ្វើការ និងអតិថិជនអាមេរិក និងដើម្បីជំរុញសេដ្ឋកិច្ចអាមេរិកនោះ គឺគួរតែបញ្ចប់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ នូវការធ្វើសង្រ្គាមពាណិជ្ជកម្មចិន ដែលគ្មានបានជួយអ្វី ក្រៅពីបង្កផលអវិជ្ជមានចំពោះខ្លួនឯង៕