(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែមេសា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការកិច្ចការទូតនៃព្រឹទ្ធសភាអាមេរិកបានពិនិត្យពិភាក្សានិងអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រឆ្នាំ២០២១»។ ក្នុងសេចក្តីព្រាងច្បាប់ដែលមានជាង២០០សន្លឹកនេះមានចំនួនជាង៥០កន្លែងមានពាក់ព័ន្ធនឹង ចិនតៃវ៉ាន់ ហើយបានប្រកាសយ៉ាងកម្រោលថាអាមេរិកនឹងលក់អាវុធទៅកាន់ចិនតៃវ៉ាន់តាមពេលកំណត់ គាំទ្រតៃវ៉ាន់ចូលក្នុងអង្គការអន្តរជាតិ រហូតដល់ផ្តួចផ្តើមថា អាមេរិកត្រូវផ្តល់អ្វីដែលហៅថា «ភាពអនុគ្រោះ» ដល់ចិនតៃវ៉ាន់ដូចរដ្ឋាភិបាលបណ្តាប្រទេសដទៃទៀតជាដើម។

ទង្វើទាំងនេះហាក់ដូចជាសភាអាមេរិកប្រលែងជាមួយភ្លើងក្នុងបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន! ហើយក៏ជាការបង្ករឿងយ៉ាងខ្លាំងក្លាចំពោះ
គោលការណ៍ប្រទេសចិនតែមួយផងដែរ! ទង្វើបែបនេះបានល្មើសនឹងការកំណត់នៃសេចក្តីប្រកាសរួម ៣ច្បាប់រវាងចិន និងអាមេរិក ក៏ដូចជាបានបំពានគោលនយោបាយ ស្តីពីបញ្ហាតៃវ៉ាន់ដែលអាមេរិកបានធ្វើសន្យាចំពោះប្រទេសចិនផងដែរ។

នៅលើពិភពលោក មានប្រទេសចិនតែមួយ។ គោលការណ៍ប្រទេសចិនតែមួយជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ហើយក៏ជាខ្សែបន្ទាត់ក្រហមរបស់ប្រទេសចិនផងដែរ។ ទាក់ទិននឹងបញ្ហាតៃវ៉ាន់ រដ្ឋាភិបាលចិនមិនអត់ឱនជាដាច់ខាត។ បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ហើយក៏ជាបញ្ហាសំខាន់បំផុត និងរសើបបំផុតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ។ ទាក់ទិននឹងបញ្ហាតៃវ៉ាន់ សូមដាស់តឿន អ្នកនយោបាយអាមេរិកមួយចំនួនកុំប៉ាន់ប្រមាណទាបចំពោះការបេ្តជ្ញាចិត្តរបស់ប្រជាជនចិននោះទេ។

ការពារមិនឱ្យបាត់ដីសម្បីមួយអ៊ីញជាពាក្យសន្យារបស់ប្រទេសចិនចំពោះប្រជាជននិងប្រវត្តិសាស្ត្រ ហើយប្រទេសចិននឹងអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត។
សូមដាស់តឿនអាមេរិកគួរតែគោរពតាមពាក្យសន្យារបស់ខ្លួន មិនត្រូវលះបង់ចោលពាក្យសន្យានោះទេ ហើយកុំយកបញ្ហាតៃវ៉ាន់ធ្វើជាលេសដែលនឹងត្រូវអូសធ្លាក់ក្នុងសភាព ដ៏គ្រោះថ្នាក់! ប្រទេសចិនបានសង្កត់ធ្ងន់ជាច្រើនលើកហើយថារីករាយព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីបង្រួបបង្រួមជាតិដោយសន្តិភាព ព្រមពេលជាមួយគ្នានេះមិនសន្យា បោះបង់ចោលជម្រើសផ្សេងទៀតនោះទេ ពោលគឺមិនច្រានចោលជម្រើសណាមួយនោះឡើយ។ ទាក់ទិននឹងបញ្ហានេះ អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរតែ បោះបង់ចោលការស្រមើស្រមៃនិងការវិនិច្ឆ័យខុសឆ្គងទាំងអស់។

រឿងរបស់ជនជាតិចិនត្រូវតែសម្រេចដោយប្រជាជនចិន។ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅមកជ្រៀតជ្រែកជាដាច់ខាត។ ប្រទេសចិននឹងបង្រួបបង្រួមជាតិ ក៏មុខជានឹងសម្រេចបាននូវការបង្រួបបង្រួមជាតិជាមិនខាន។ នេះជាដំណើរប្រវត្តិសាស្ត្រដែលគ្មានបុគ្គលណាមួយ ឬកម្លាំងណាមួយ អាចរារាំងការបោះជំហានរីកចម្រើនទៅមុខនោះឡើយ!