(ប៊ែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាស (Heiko Maas) នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនជំនួយអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា នៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយវិបត្តិធំៗ បង្កឡើងដោយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ប្រទេសឥណ្ឌាកំពុងប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃជំងឺ COVID-19 ដោយចំនួនករណីឆ្លង និងស្លាប់ បាននិងកំពុងកើនឡើងយ៉ាងគំហុក។ លោក Maas បានគូសបញ្ជាក់ប្រាប់កាសែតក្នុងស្រុកអាល្លឺម៉ង់ថា «រលកទី២ នៃជំងឺ COVID-19 បច្ចុប្បន្ននេះ កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា ជាមួយនឹងអត្រាឆ្លងខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនមក។ វាជាការត្រឹមត្រូវណាស់ដែលយើងបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់ការធ្វើដំណើររវាងប្រទេសអាល្លឺម៉ង់ និងឥណ្ឌា»

ប្រទេសអាល្លឺម៉ង់បានចាត់ថ្នាក់ឥណ្ឌា ជាប្រទេសដែលមានអត្រាឆ្លងខ្ពស់បំផុតនៃជំងឺ COVID-19។ ចាប់ពីថ្ងៃចន្ទនេះតទៅ ជនជាតិអាល្លឺម៉ង់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា នឹងត្រូវបានអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេស ជាមួយនឹងលទ្ធផលនៃការធ្វើតេស្តអវិជ្ជមាន ហើយបន្ទាប់មកពួកគេនឹងត្រូវ ដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ រីឯអ្នកទេសចរបរទេសមកពីប្រទេសឥណ្ឌា នឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលមកកាន់ប្រទេសអាល្លឺម៉ង់ទៀតទេ។

ទោះជាយ៉់ាងណា លោក Mass បានគូសបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយប្រទេសឥណ្ឌាយកឈ្នះលើវិបត្តិនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយថា ក្រសួងការបរទេសអាល្លឺម៉ង់បានស្នើដល់យោធា ដើម្បីរកមើលកន្លែងផលិតអុកស៊ីសែនចល័ត ក៏ដូចជាការជួយដឹកជញ្ជូនទំនិញជំនួយសង្គ្រោះបន្ទាន់ផ្សេងទៀត ទៅកាន់ប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប (EU) ក៏បានប្រកាសកាលពីថ្ងៃអាទិត្យផងដែរថា ខ្លួនមានគោលបំណងបញ្ជូនអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីទទួលបានសំណើពីទីក្រុងញូវដេលី។ បន្ថែមពីនេះ ប្រទេសសិង្ហបុរី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បាននិងកំពុងបញ្ជូនជំនួយ រួមមានឧបករណ៍វេជ្ជសាស្ត្រ និងអុកស៊ីសែន ទៅកាន់ប្រទេសឥណ្ឌាជាបន្តបន្ទាប់ផងដែរ៕