(ញូយ៉ក)៖ បុរសជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ីម្នាក់ មានអាយុ៦១ឆ្នាំ ទទួលរងការវាយប្រហារពីបុរសម្នាក់ ដែលបានវាយទាត់ធាក់រូបលោកចំក្បាលជាច្រើនដង នៅក្នុងតំបន់ East Harlem នៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមប៉ូលិសក្រុងញូយ៉ក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ប៉ូលិសក្រុងញូយ៉ក បានឱ្យដឹងថាបុរសខាងលើកំពុងប្រមូលសំបកកំប៉ុង នៅពេលរូបលោកត្រូវគេវាយពីក្រោយដួលដេកទៅលើដី ហើយត្រូវគេវាយទាត់ធាក់ចំក្បាល ជាច្រើនដងកាលពីយប់ថ្ងៃសុក្រ ទី២៣ ខែមេសាកន្លងទៅ។ បុរសរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Harlem Hospital ដោយរងរបួសធ្ងន់ធ្ងរ តែមិនប៉ះពាល់ដល់ អាយុជីវិតឡើយ។

គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៅពីក្រោយការវាយប្រហារខាងលើនោះទេ ខណៈប៉ូលិសកំពុងស៊ើបអង្កេត និងតាមរកជនល្មើសដែលកំពុង រត់គេចខ្លួន។ ប៉ូលិសមិនបានបង្ហើបពីអត្តសញ្ញាជនងរងគ្រោះឡើយ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន បុរសដែលត្រូវគេវាយនោះមានឈ្មោះថា Yao Pan Ma ជាអតីតបុគ្គលិកភោជនីយដ្ឋានមួយកន្លែង ដែលបានបាត់បង់ការងារដោយសារ COVID-19 ហើយក្លាយជាអ្នករើសសំបកកំប៉ុងដើម្បីជីវភាព៕