(បាកដាដ)៖ អគ្គិភ័យមួយបានដុតបំផ្លាញមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺ COVID-19 មួយកន្លែងក្នុងរដ្ឋធានីអ៊ីរ៉ាក់ បានសម្លាប់មនុស្សចំនួន ៨២នាក់នាថ្ងៃអាទិត្យនេះ ដែលជាហេតុធ្វើឲ្យមានការអំពាវនាវយ៉ាងខឹងសម្បារ ឲ្យមានការបណ្តេញរដ្ឋមន្រ្តីចេញពីមុខតំណែង នៅក្នុងប្រទេសមួយដែលមានហេដ្ឋារចនាសម្ព័ន្ធសុខភាពដ៏ទ្រុឌទ្រោម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ៊ទី ២៥ ខែមេសា ឆ្នាំ២០២១។

ប្រភពពីមន្ទីរពេទ្យបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកជំងឺជាច្រើននាក់កំពុងបំពាក់ម៉ាស៊ីនជំនួយដកដង្ហើម នៅពេលដែលអគ្គីភ័យបានឆាបឆេះនៅមន្ទីរពេទ្យ Ibn al-Khatib ស្ថិតក្នុងទីក្រុងបាកដាដ ដោយចាប់ផ្តើមជាមួយនឹងការផ្ទុះមួយ ដែលបង្កឡើងដោយកំហុសក្នុងការផ្ទុុកស៊ីឡាំងអុកស៊ីសែន។

ប្រភពព័ត៌មានពីក្រុមគ្រូពេទ្យបាននិយាយទៀតថា អណ្តាតភ្លើងបានឆេះរាលដាលយ៉ាងលឿនពាសពេញជាន់ ជាច្រើនទាំងកណ្តាលអធ្រាត្រ ខណៈដែលសាច់ញាតិរាប់សិបនាក់កំពុងស្ថិតនៅក្បែរគ្រែរបស់អ្នកជំងឺឈឺធ្ងន់ចំនួន ៣០នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

កងការពារជនស៊ីវិលរបស់អ៊ីរ៉ាក់បាននិយាយថា «មន្ទីរពេទ្យនេះមិនមានប្រព័ន្ធការពារអគ្គីភ័យទេ ហើយពិដានចាស់ៗបានអនុញ្ញាតឱ្យអណ្តាតភ្លើងរាលដាលយ៉ាងឆាប់រហ័ស...ជនរងគ្រោះជាច្រើនបានស្លាប់ដោយសារពួកគេត្រូវដកចេញពីបំពង់ជំនួយដកដង្ហើម រីឯអ្នកផ្សេងទៀតស្លាប់ដោយសារស្រូបផ្សែងច្រើនពេក»

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhemi បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើបុព្វហេតុ នៃអគ្គិភ័យខាងលើនេះ និងបានប្រកាសកាន់ទុក្ខរយៈពេល ០៣ថ្ងៃ។ ចំណែកឯសភាក៏បានប្រកាសថា ខ្លួននឹងបោះបង់ចោលកិច្ចប្រជុំនាថ្ងៃចន្ទសប្តាហ៍ក្រោយផងដែរ ខណៈរដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ាក់លោក ហាHassan al-Tamini ត្រូវបានព្យួរភារកិច្ចចាប់ពីថ្ងៃអាទិត្យនេះទៅ ដោយរងចាំងលទ្ធផលនៃការស៊ើបអង្កេត។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះអ៊ឺរ៉ាក់បានកត់ត្រាករណីឆ្លង COVID-19 សរុបជាង ១លានករណី ក្នុងនោះស្លាប់ ១៥,២១៧នាក់ និងជាសះស្បើយចំនួន ៨៩៧,៩៦៦នាក់៕