(ម៉ាឌ្រីដ)៖ បុរសជនជាតិអេស្បាញម្នាក់ដែលមានរោគសញ្ញាជំងឺ COVID-19 បានក្អកដាក់មិត្តរួមការងាររបស់ខ្លួន ហើយបានប្រាប់ពួកគេថា «ខ្ញុំនឹងផ្តល់ឱ្យពួកអ្នកនូវមេរោគកូរ៉ូណា» ត្រូវបានគេចោទប្រកាន់ពីបទបង្កការឆ្លងដោយចេតនា បន្ទាប់ពីគាត់បានចម្លងរោគទៅកាន់មនុស្សចំនួន ២២នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរអេស្បាញបាននិយាយថា ការស៊ើបអង្កេតរបស់ពួកគេបានចាប់ផ្តើមធ្វើឡើងបន្ទាប់ពីការផ្ទុះជំងឺ COVID-19 នៅឯក្រុមហ៊ុនដែលបុរសវ័យ ៤០ឆ្នាំខាងលើនេះធ្វើការ។

នៅក្នុងសេចក្តីថ្លែងការណ៍ ប៉ូលីសបាននិយាយថា ប៉ុន្មានថ្ងៃមុនពេលដែលមានការផ្ទុះឡើងនៃជំងឺនេះ បុរសនោះបានចេញរោគសញ្ញា នៃជំងឺ Covid-19 ប៉ុន្តែគាត់បានច្រានចោលការផ្តល់យោបល់ពីមិត្តរួមការងាររបស់គាត់ ដែលចង់ឲ្យគាត់ទៅផ្ទះហើយនៅដាច់ដោយឡែកពីគេ។

បន្ទាប់ពីចេញពីធ្វើការ សុខភាពរបស់បុរសម្នាក់នោះនៅតែមិនមានភាពប្រសើរឡើង គាត់បានទៅធ្វើតេស្ត PCR មុនពេលទៅកន្លែងហាត់ប្រាណ ហើយត្រលប់មកធ្វើការវិញនៅថ្ងៃបន្ទាប់។ ទោះបីជា ថ្នាក់លើបានប្រាប់គាត់ឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប្រដាប់វាស់កម្តៅបានរកឃើញថា គាត់មានសីតុណ្ហភាព ៤០អង្សាសេក៏ដោយ ក៏បុរសនោះបានបដិសេធ។

បុរសនោះបានដើរជុំវិញកន្លែងធ្វើការរបស់គាត់ ដោយទាញម៉ាសរបស់គាត់ចុះក្រោម ហើយក្អកដាក់លើមនុស្សម្នាដោយនិយាយថា «ខ្ញុំនឹងចម្លងរោគនេះដល់អ្នកគ្រប់គ្នា»។

នៅថ្ងៃបន្ទាប់លទ្ធផលតេសត្ត PCR របស់គាត់បានបង្ហាញថា «វិជ្ជមាន»។ បន្ទាប់មកមិត្តរួមការងាររបស់គាត់ក៏បានទៅតេស្តផងដែរ ដោយប្រាំនាក់ក្នុងចំណោមពួកគេទទួលបានលទ្ធផល «វិជ្ជមាន»។នៅកន្លែងហាត់ប្រាណដែលបុរសបានទៅ មានមនុស្ស ០៣នាក់បានធ្វើតេស្ត «វិជ្ជមាន» ហើយសមាជិកគ្រួសារពួកគេក៏ឆ្លងជំងឺនេះដែរ។

ទីភ្នាក់ងារសារព័ត៌មានអេស្បាញ Europa Press បានរាយការណ៍ថា ចៅក្រមបានចោទប្រកាន់បុរសម្នាក់នោះ ដែលប៉ូលីសមិនបានបង្ហាញអត្តសញ្ញាណ ហើយបានដោះលែងគាត់នៅល្ងាចថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីរង់ចាំការជំនុំជម្រះក្តី៕