(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះករណីឆ្លង COVID-19 យ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា ហើយបានត្រៀមខ្លួនជានិច្ចក្នុងការ ផ្ដល់ការគាំទ្រ ឬជំនួយបន្ថែមដល់រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលឥណ្ឌា។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមសារអេឡិចត្រូនិច អ្នកនាំពាក្យសេតវិមានម្នាក់បានបញ្ជាក់ដូច្នេះថា៖ «យើងកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាយ៉ាងសកម្មកម្រិតខ្ពស់ និងមានផែនការផ្ដល់ការគាំទ្របន្ថែមភ្លាមៗដល់រដ្ឋាភិបាលឥណ្ឌា និងបុគ្គលិកសុខាភិបាលរបស់ពួកគេដែលកំពុងតស៊ូប្រយុទ្ធប្រឆាំង COVID-19 ដែលមានសភាពកាន់តែ ធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា ឥណ្ឌានៅថ្ងៃអាទិត្យនេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៣៤៩,៦៩១នាក់ និង២,៧៦៧នាក់បានស្លាប់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ និងជាតួលេខអ្នកឆ្លងលើស ៣សែននាក់ បួនថ្ងៃជាប់ៗគ្នាមកនេះ៕