(វ៉ាសីនតោន)៖ លោក ចូ បៃដិន នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតដែលបានចេញ សេចក្ដីថ្លែងការណ៍ផ្លូវការមួយទទួលស្គាល់ថាការសម្លាប់រង្គាលជនជាតិអាមេនី កាលពីឆ្នាំ១៩១៥ គឺជា «អំពើប្រល័យពូជសាសន៍»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។

ការសម្លាប់រង្គាលជនជាតិអាមេនីបានកើតឡើងនៅថ្ងៃចុងក្រោយមុនការដួលរលំនៃអាណាចក្រអូតូម៉ង់ ដែលជាប្រទេសតួកគីបច្ចុប្បន្ន។ តួកគីបានទទួលស្គាល់ពីអំពើ ឃោរឃៅនេះដែរ តែបានច្រានចោលរាល់ការប្រើពាក្យ «ប្រល័យពូជសាសន៍»។ ជាក់ស្ដែង ក្រសួងការបរទេសតួកគីបានកោះហៅអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងអង់ការ៉ា ឱ្យចូលជួបដើម្បីសម្ដែងការជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់លោក ចូ បៃដិន ខណៈប្រធានាធិបតីអាមេរិករូបនេះអះអាងថាអ្វីដែលលោកបានធ្វើគឺជាការផ្ដល់ ការគោរពដល់ជនរងគ្រោះ។

រដ្ឋបាលអាមេរិកមុនៗ មិនដែលប្រើពាក្យ «ប្រល័យពូជសាសន៍» នៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយឡើយ ដោយសារបារម្ភខ្លាចក្រែងប៉ះពាល់ដល់ទំនាក់ទំនង ជាមួយតួកគីដែលជាសមាជិកអង្គការ NATO ដូចគ្នា។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ នៅតែមានការខ្វែងគំនិតគ្នានៅឡើយលើចំនួនប្រជាជនអាមេនីដែលត្រូវបានសម្លាប់។ អាមេនីអះអាងថាប្រជាជនរបស់ខ្លួនជាង ១.៥លាននាក់ត្រូវបានសម្លាប់ រីឯតួកគីថាមានតែ ៣០០,០០០នាក់តែប៉ុណ្ណោះ៕