(ញូដេលី)៖ ក្រុមមន្រ្តីឥណ្ឌា នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឱ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន២០នាក់ ដែលបានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា បានស្លាប់ដោយសារតែបញ្ហាខ្វះខាតអុកស៉ីសែន សម្រាប់ផ្គត់ផ្គង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

ករណីអ្នកស្លាប់ទាំងនេះ បានកើតឡើងនៅមន្ទីរពេទ្យឯកជនមួយ គឺមន្ទីរពេទ្យ Jaipur Golden ដែលស្ថិតក្នុងទីក្រុងញូដេលី។ លោក D K Baluja ប្រធានផ្នែកវេជ្ជសាស្រ្តនៅមន្ទីរពេទ្យ Jaipur Golden បានគូសបញ្ជាក់ថា «រដ្ឋាភិបាលឥណ្ឌា បានបែងចែងអុកស៉ីសែនប្រមាណ ៣.៥តោនសម្រាប់ផ្គត់ផ្គង់នៅមន្ទីរពេទ្យយើង ប៉ុន្តែពួកវាបានមកដល់យឺតយ៉ាវ គឺទម្រាំតែមកដល់អ្នកជំងឺចំនួន២០នាក់ បានស្លាប់បាត់ទៅហើយ។ អ្នកជំងឺទាំងនោះ សុទ្ធតែមានអាការៈធ្ងន់ធ្ងរ ហើយស្លាប់នៅកន្លែងសង្រ្គោះបន្ទាន់»

គួរបញ្ជាក់ថា បើតាមលោក Baluja យ៉ាងហោចណាស់ អ្នកជំងឺ២១៥នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ដោយស្ថិតក្នុងសភាពត្រូវការអុកស៊ីសែនចាំបាច់បំផុត។ ករណីស្លាប់ទាំងនេះ បង្ហាញពីស្ថានភាពកាន់តែអាក្រក់ទៅៗ នៅតាមតាមមន្ទីរពេទ្យ ក្នុងរដ្ឋធានីរបស់ឥណ្ឌា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះអុកស៉ីសែនផ្គត់ផ្គង់។ កាលពីថ្ងៃសុក្រម្សិលមិញនេះ អ្នកជំងឺធ្ងន់ធ្ងរចំនួន ២៥នាក់ ដែលបានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយទៀតឈ្មោះ Sir Ganga Ram ក្នុងទីក្រុង New Delhi ក៏បានស្លាប់ ក្រោមកាលៈទេសៈស្រដៀងគ្នានេះដែរ៕