(ហ្សឺណែវ)៖ ស្ថិតនៅចំពោះមុខការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់បំផុត ដែលកំពុងកើតមានឡើងនៅទូទាំងប្រទេសឥណ្ឌា អង្គការសុខភាពពិភពលោក (WHO) បានធ្វើការណែនាំជាបន្ទាន់ ឲ្យរដ្ឋាភិបាលឥណ្ឌាព្យាយាមកាត់បន្ថយការធ្វើដំណើរ និងការប្រមូលផ្តុំរបស់ប្រជាជន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាល្ងាចថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២១។

បណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) ដែលជានាយកម្មវិធីសង្គ្រោះបន្ទាន់នៃ WHO បានលើកឡើងថា «ការកាត់បន្ថយការឆ្លងរាតត្បាត (COVID-19) នៅក្នុងប្រទេសឥណ្ឌាពេលនេះ គឺជាកិច្ចការដ៏លំបាកបំផុតមួយ»។ បន្ថែមពីនេះលោក Michael Ryan បានអំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅរួច ដើម្បីទប់ស្កាត់ការប្រមូលផ្តុំ ហើយនេះជាអ្វីដែលឥណ្ឌាត្រូវតែធ្វើ។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៤ ខែមេសានេះ គឺជាថ្ងៃទី៣ហើយដែលឥណ្ឌា បានរកឃើញអ្នកឆ្លង COVID-19 លើស ៣០០,០០០នាក់ក្នុងមួយថ្ងៃ និងអ្នកជំងឺជាង ២,៦០០នាក់ទៀតបានស្លាប់។ តួលេខនេះពិតជាធ្វើឲ្យពិភពលោកទាំងមូលរន្ធត់ជាខ្លាំង ខណៈការឆ្លងរាតត្បាតជំងឺ COVID-19 រលកនៅឥណ្ឌាពេលនេះ ត្រូវបានគេស្តីបន្ទោសទៅលើ វិធានការទប់ស្កាត់មិនបានតឹងរ៉ឹង ពីសំណាក់រដ្ឋាភិបាល, ការប្រមូលផ្តុំគ្នាប្រារព្ធពិធីសាសនាប្រចាំឆ្នាំ, ការធ្វើយុទ្ធនាការឃោសនានៃបក្សនយោបាយ និងជាពិសេសគឺការរាតត្បាតវីរុស COVID-19 បំប្លែងខ្លួនថ្មី៕